(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការដឹងគុណជាអនេក ចំពោះការនាំមកនូវសន្ដិភាពជូនមាតុភូមិ និងសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវសមិទ្ធផលធំធេងក្នុងពេលនេះ ជាពិសេសសន្ដិភាព បានផ្ដល់ឱកាសឱ្យកម្ពុជា ទទួលបានភាពសុខដុម វឌ្ឍនភាព និងសុវត្ថិភាពសង្គម ។
លើសពីនោះ ជាមួយគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល បានជួយប្រជាជនងាយរងគ្រោះ ឱ្យទទួលបាននូវការឧបត្ថម្ភ ជីវភាពរស់នៅ ក្នុងកាលៈទេសៈ ដែលមានការរាតត្បាតនៃជំងឺកូវីដ១៩ ហើយគោលនយោបាយគំាពាំសង្គម ក៏បានពង្រឹង និងបន្ដជួយក្មួយៗនារីទាំងអស់ ដែលមានបណ្ណសមធម៌ កម្មការិនី ឱ្យទទួលបាននូវអត្ថប្រយោជន៍ ក្នុងការថែទាំសុខភាព ទទួលបាននូវការពិគ្រោះ ពិនិត្យព្យាបាលជំងឺ ទទួលរបបឧបត្ថម្ភមាតុភាព រួមចំណែកជួយឱ្យគ្រួសារនីមួយៗអាចរស់នៅជាប្រក្រតី។
នេះបើយោងតាមសារលិខិតរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
តាមសារលិខិតរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ទៀតថា ការអនុវត្ដកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកូនអាយុក្រោមពីរឆ្នាំនៃគ្រួសារ ដែលមានបណ្ណសមធម៌ ឬបណ្ណអាទិភាពជាយុទ្ធសាស្ដ្រសំខាន់មួយរបស់កម្ពុជា ក្នុងការលើកកម្ពស់ សុខភាពមាតា ទារក និងកុមារ ដើម្បីឈានទៅសម្រេចបាននូវ ការគ្របដណ្ដប់សេវាសុខភាពជាសកលនៅកម្ពុជា។
ដូចនេះ «យើងទាំងអស់គ្នា ត្រូវរួមចំណែកជួយរាជរដ្ឋាភិបាលបន្ថែមទៀត ឆ្ពោះទៅអនាគតដ៏រុងរឿងនាពេលខាងមុខ។ ការងារចាំបាច់ដែលយើងត្រូវរួមគ្នាធ្វើនោះ គឺធ្វើយ៉ាងណាឱ្យគ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់ ទទួលបានការពិនិត្យថែទាំ ចាប់ពីពេលពពោះ រហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនហើយ ត្រូវបន្ដថែទាំសុខភាពទាំងម្ដាយ និងកូន ក្នុងអំឡុងរយៈពេល១ខែកន្លះ និងបន្ដថែទាំសុខភាពទារក រហូតដល់កូនអាយុ២ឆ្នាំ។ ការតាមដានសុខភាពកូននេះមានសារៈសំខាន់ណាស់»។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ទៀតថា គ្រប់ស្ដ្រីជាមាតាទាំងអស់ ចាំបាច់ត្រូវដឹងច្បាស់ អំពីការចិញ្ចឹមទារក និងការកុមារតូច ការតាមដានការលូនលាស់របស់កូន និងត្រូវធ្វើការពន្យារកំណើត ពីកូនមួយទៅកូនបន្ទាប់ផង ដើម្បីឱ្យមាតាមានសុខភាពរឹងមាំឡើងវិញ ហើយកូនអាចទទួលបានការថែទាំពេញលេញពីមាតា និងមានសុខភាពល្អ៕
សូមអានលម្អិតខ្លឹមសារនៃសារលិខិត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចខាងក្រោមនេះ៖