(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានផ្ដល់អនុសាសន៍ក្នុងការថែទាំសុខភាពម្ដាយ និងកូន ក្នុងបរិបទ «រស់នៅធម្មតា បែបគន្លងថ្មី» ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១។
តាមសារលិខិតរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានដូចតទៅ៖
១៖ សូមឱ្យស្ដ្រីមានផ្ទៃពោះទាំងអស់៖
* ទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យ/ឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះឱ្យបានទៀងទាត់ ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ពិសេសស័្មគ្រចិត្ដធ្វើតេស្ដឈាមរកមេរោគអេដស៍/ស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងរោគពីម្ដាយទៅកូន។
* ទៅសម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យ ឆ្មបជំនាញទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។
*ទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុ២ឆ្នាំ។
* បំបៅទារកដោយទឹកដោះម្ដាយតែមួយគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់ជីវជាតិ (បបរខាប់គ្រប់គឿង) រួមជាមួយការបន្ដបំបៅ ទឹកដោះម្ដាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
* ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលដែលឃើញសញ្ញាគ្រោះថ្នាក់ណាមួយកើតឡើងនៃជំងឺផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
២៖ សូមឱ្យស្ដ្រីមានផ្ទៃពោះ ស្ដ្រីជាមាតាទាំងអស់ អនុវត្ដឱ្យខ្ជាប់ខ្ជួន នូវវិធានការការពារខ្លួនដែលបានណែនំា ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវ៖
* ពាក់ម៉ាស លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង។
* កុំទៅកន្លែងមនុស្សច្រើនកុះករ កុំនៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំពាក់ប៉ះពាល់គ្នានៅពេលជួបគ្នា កុំចាប់ដៃគ្នា កុំកៀកគ្នា កុំឱបគ្នាជាដើម។
៣៖ សូមសាខា-អនុសាខាកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមតាមសាខាកាកបាទក្រហមកម្ពុជាទំាង២៥រាជធានី-ខេត្ដ បន្ដយកចិត្ដទុកដាក់ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ដល់ស្ដ្រីគ្រប់រូប ឱ្យមានការយល់ដឹងខ្ពស់ ពីសារប្រយោជន៍នៃការពិនិត្យផ្ទៃពោះ និងការពិនិត្យសុខភាព ក្រោយសម្រាលក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ១៩។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ខ្ញុំសូមអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាល តាមការកំណត់ និងសូមអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្ដរជាតិ សូមជួយនិងបន្ដជួយវិនិយោគគាំទ្រ ដល់ការងារសុខភាពមាតា កុមារ និងទារក នៅកម្ពុជា»។
លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងបង្កើនលទ្ធភាពថ្មីៗបន្ថែមទៀត ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវសា្ថនភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។
ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល មន្ដ្រីជំនាញ ស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ អង្គការជាតិ និងអន្ដរជាតិ កាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល សប្បុរសជន អាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបាននិងបន្ដជួយគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ៕
សូមអានលម្អិតខ្លឹមសារនៃសារលិខិត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចខាងក្រោមនេះ៖