(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើមន្ត្រីមូលដ្ឋានបម្រើប្រជាពលរដ្ឋបានល្អនោះ នឹងធ្វើឲ្យពួកគាត់សប្បាយចិត្ត ហើយគាំទ្ររាជរដ្ឋាភិបាលទៀតផង។ ក្នុងន័យនេះហើយ ទើបសម្តេចណែនាំប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់រាជធានី-ខេត្ត ត្រូវចុះបណ្តុះបណ្តាលដល់អ្នក ដែលបម្រើសេវាផ្ទាល់ជាមួយប្រជាពលរដ្ឋ។
សម្តេចក្រឡាហោមថ្លែងបែបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្តចំនួន ៥០គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩ នៅក្នុងប្រទេសកម្ពុជា។
«ប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ស្រុក ត្រូវចុះទៅបណ្តុះបណ្តាល ណែនាំនិងជួយជ្រោមជ្រែងដល់អ្នកដែលបម្រើសេវាជាមួយប្រជាពលរដ្ឋទាំង៤តួនាទី រួមមាន៖ ទី១ មេឃុំ /ចៅសង្កាត់ ទី២ ស្មៀនឃុំ/ ស្មៀនសង្កាត់ ទី៣ មេប៉ុស្តិ៍/នគរបាលឃុំ និងទី៤មេភូមិ ទាំងនៅទីក្រុង និងជនបទ»។ នេះជាការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង។
សម្តេចក្រឡាហោម ស ខេង បានបន្តថា ការបម្រើប្រជាពលរដ្ឋឲ្យបានល្អនោះ គឺការផ្តល់សេវាសាធារណៈបានល្អ ដែលស្ថិតនៅក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលក្នុងនោះ មេឃុំ /ចៅសង្កាត់ ស្មៀនឃុំ /ស្មៀនសង្កាត់ មេប៉ុស្តិ៍/នគរបាលឃុំ និងមេភូមិ ផ្តល់ជូនដល់ប្រជាពលរដ្ឋនូវសេវាចាំបាច់ដូចជាការធ្វើអត្តសញ្ញាណបណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារសំខាន់ៗជាច្រើនទៀត។
សម្តេចក្រឡាហោម ស ខេង ថែមទាំងបានលើកទឹកចិត្តឱ្យបន្ថែមការយកចិត្តទុកដាក់ លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងជាពិសេសផ្សព្វផ្សាយពីគោលនយោបាយនេះ ឲ្យកាន់តែទូលាយថែមទៀតផង។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣» កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សម្តេចក្រឡាហោមបានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំ តាំងពីឆ្នាំ២០១០-២០២០ គឺលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនេះ គឺទទួលបានជោគជ័យធំណាស់។
បើតាមសម្ដេចក្រឡាហោម ស ខេង, បើទោះបីអនុវត្តបានល្អយ៉ាងក្ដី ក៏នៅមានបញ្ហាខ្លះដែលនៅតែជាបញ្ហា ហើយអាចធំជាងមុនថែមទៀត។ សម្តេចក្រឡាហោម បានលើកឧទាហរណ៍ថា បញ្ហាគ្រឿងញៀន ស្ថិតក្នុងកម្មវិធីមួយ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងការអនុវត្តកន្លងទៅ ស្ថាប័នពាក់ព័ន្ធខិតខំប្រឹងប្រែងច្រើន ប៉ុន្ដែដោយសារទីផ្សារគ្រឿងញៀន វារីករាលដាលកាន់តែធំ ចឹងហើយចំនួនចាប់ជនប្រព្រឹត្ដបទល្មើស ឬក៏វត្ថុតាងគ្រឿងញៀន មកផ្ដន្ទាទោសកាន់តែច្រើន តែវាមិនទាន់ធូរស្រាល។
សម្ដេចក្រឡាហោម ស ខេង បានស្នើទៅសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីលើកកម្ពស់កម្រិត នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យលែងជារបស់ក្រសួងមហាផ្ទៃតែមួយមុខទៀតហើយ ប៉ុន្ដែជារបស់រាជរដ្ឋាភិបាល ដែលត្រូវមានភាគីជាច្រើនចូលរួមជួយអនុវត្ត៕