(ភ្នំពេញ)៖ សំណុំរឿងអតីតសមាជិកសកម្មរបស់គណបក្សប្រឆាំងមានឈ្មោះ គង់ ប៊ុនហ៊ាង និងឈ្មោះ ហង្ស សេង ដែលពាក់ព័ន្ធនឹងការជេរប្រមាថចំពោះអង្គព្រះមហាក្សត្រ នឹងត្រូវប្រកាសនៅដើមខែមិនា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមលទ្ធផលស្តីពី សវនការជំនុំជម្រះលើជនជាប់ចោទទាំង២ ខាងលើ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមន្ត្រីតុលាការថ្លែងប្រាប់មក បណ្តាញព័ត៌មាន Fresh News ។
មន្ត្រីដដែលបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងអង្គសវនាការសួរដេញដោលពីដើមដល់ចប់ ជនជាប់ចោទទាំង ២នាក់ បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រាកដមែន ហេតុដូច្នេះចៅក្រមជំនុំជម្រះគឺលោក កុល កំពូល បានសម្រេចលើកយកសណុំរឿងប្រមាថនេះទៅប្រកាសនៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២១»។
សូមជម្រាបថា លោក កេត សុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ គង់ ប៊ុនហ៊ាង និង ហង្ស សេង ទៅដាក់ពន្ធនាគារព្រៃសរ (ម១) ជាបណ្តោះអាសន្ន ដើម្បីរង់ចាំវិនិច្ឆ័យទោសតាមកំណត់របស់នីតិវិធី ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ។
កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ព្រះរាជអាជ្ញារង សេង ហៀង បានបើកការស៉ើប និងសម្រេចចោទប្រកាន់ពួកគេពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ យោងតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់របស់លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដោយលោកបន្ថែមថា បើយោងតាមបទចោទប្រកាន់ខាងលើនេះ ជនត្រូវចោទអាចនឹងត្រូវប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ទៅ ១០ លានរៀល។
គួររម្លឹកថា ជនត្រូវចោទឈ្មោះ គង់ ប៊ុនហ៊ាង អាយុ ៦៦ឆ្នាំ ជាអតីតសមាជិកប្រតិបត្តិនៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលជំនាញ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ចំណែកជនត្រូវចោទឈ្មោះ ហង្ស សេង ជាអតីតសមាជិកប្រតិបត្តិ នៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
ការឃាត់ក្រុមជនត្រូវចោទទាំង ២នាក់ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីពួកគេ ធ្វើសកម្មភាពប្រមាថចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
«អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ នេះយោងតាមមាត្រា ៧ នៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា៕