(ភ្នំពេញ)៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដក្រចេះ លោក កៅ ម៉ាឌីឡែន ដែលមានបទពិសោធន៍លើការងារ ដោះស្រាយវិវាទដីធ្លី បានលើកឡើងថា ក្នុងការដោះស្រាយបញ្ហាដីធ្លី ប្រសិនបើមន្ដ្រីជំនាញរកមិនឃើញកំហុសរបស់អ្នកណាទេនោះ ម្ល៉េះវិវាទនោះមិនអាចដោះស្រាយបញ្ចប់បានឡើយ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់ខេត្ដក្រចេះ» នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក កៅ ម៉ាឌីឡែន បានអះអាងថា មនុស្ស៣ប្រភេទដែលលោកធ្លាប់ជួប នៅពេលដោះស្រាយវិវាទដីធ្លីម្ដងៗ គឺជនខុស ជនខូច និងជនបំពាន ដែលគ្មានចេតនាចង់បញ្ចប់។

ប្រធានមន្ទីររៀបចំដែនដីរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ជាបទពិសោធន៍ទំនាស់ដីធ្លីបើយើងមិនរកឃើញកំហុសរបស់អ្នកណាទេ រឿងនោះនឹងមិនចប់ទេ។ ក្នុងមួយរឿង មានជនខុស មានជនខូច និងមានជនបំពាន ដែលមិនបញ្ចប់នោះឡើយ ដោយរកព្រឹត្តិការណ៍ទាំងអស់នោះ ដើរប្ដឹងគ្រប់ទិសដីតាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ប្រមូលមកវិញ ជនខូចតែមួយរូប ហើយកន្លែងនេះដែលយើងត្រូវរកឲ្យឃើញ»

បើតាមលោក កៅ ម៉ាឌីឡែន រហូតមកដល់ពេលនេះ បញ្ហាវិវាទដីធ្លីនៅខេត្តក្រចេះ មានបណ្ដឹងសរុបចំនួន៩៩ករណី ក្នុងនោះថ្នាក់ជាតិ៤៩ករណី និងថ្នាក់ខេត្ត៥០ករណី។ សម្រាប់ថ្នាក់ជាតិ៤៩ករណី ដោះស្រាយបញ្ចប់៣២ករណី កំពុងបន្ដ៨ករណី និងនៅសល់៩ករណី។ ថ្នាក់ខេត្ត មានចំនួន៥០ករណី បានដោះស្រាយបញ្ចប់១០០ភាគរយ បានចំនួន៣៥ករណី កំពុងបន្ដ៧ករណី និងនៅសល់៨ករណី។

លោកបានអះអាងថា ផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅចុងឆ្នាំ២០២២ ទំនាស់ដីធ្លីដែលបានប្រមូលផ្ដុំ គឺត្រូវដោះស្រាយបញ្ចប់ ហើយលោកជឿជាក់ថា ផែនការនេះនឹងសម្រេចទៅតាមការគ្រោងទុក ព្រោះសម្រាប់ខេត្តក្រចេះ គឺកំពុងដោះស្រាយការងារនេះយ៉ាងសស្រាក់សស្រាំ៕