(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា ការអភិវឌ្ឍចម្ការឈើដាំរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) មានគុណតម្លៃក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមឈើ សម្រាប់ឧស្សាហកម្មកែច្នៃឈើ ហើយវាជាដំណើរការកសិ-ឧស្សាហកម្មមួយក្នុងចម្ការឈើដាំជាលើកដំបូងនៅកម្ពុជា ចម្ការឈើដាំនេះវានឹងដើរតួនាទីដ៏សំខាន់នៅក្នុងការកាត់បន្ថយសម្ពាធលើឈើធម្មជាតិ។

ការលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើនៅក្នុងឱកាសដែលលោកបានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាឱកាសដឹកនាំយុវជនជាង៣០០នាក់ ទៅបោះជំរុំរយៈពេល ២ថ្ងៃ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគម្ពោតគយ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តក្រចេះ និងចុះបំពេញទស្សនកិច្ចនៅក្នុងចម្ការឈើដាំរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា)។

ក្នុងឱកាសនោះដែរ អ្នកនាំពាក្យរូបនេះ ក៏បានបង្ហាញការគាំទ្រ និងបានថ្លែងថា ការវិនិយោគលើចម្ការឈើដាំពិតជាមានសារៈសំខាន់ ព្រោះវានឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើធម្មជាតិ ហើយការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិផងដែរ។

បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ពីព្រោះនិន្នាការពិភពលោកអីឡូវនេះ គេចាប់ផ្តើមងាកទៅរកការប្រើឈើដែលកែច្នៃ ឈើដាំ ហើយគេអត់ឱ្យតម្លៃឈើដែលប្រើប្រាស់ឈើធម្មជាតិទេ កម្ពុជារបស់យើង ក៏ចាប់ផ្តើមឃើញនិន្នាការនេះដែរ ពេលខ្លះសណ្ឋាគារ ផ្ទះសំណាក់ ដែលមានឈើស្អាតៗ អត់សូវមានភ្ញៀវចូលទេ ពីព្រោះពួកគេបានយល់ដឹងពីសារៈប្រយោជន៍ធនធានធម្មជាតិ»

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា តម្រូវការប្រើប្រាស់គ្រឿងសង្ហារឹម ដែលប្រជាពលរដ្ឋនៅតែត្រូវការវាគឺជាសម្ពាធមួយលើធនធានធម្មជាតិ និងធ្វើឱ្យបាត់បង់ព្រៃឈើ ប៉ុន្តែ ប្រសិនបើប្រជាពលរដ្ឋបដិសេធ មិនប្រើប្រាស់គ្រឿងសង្ហារឹម ដែលធ្វើពីឈើប្រណិត ក៏ប៉ុន្តែ ងាកមកប្រើប្រាស់គ្រឿងសង្ហារឹម ដែលធ្វើពីចម្ការឈើដាំ នោះវាជាផ្នែកមួយដែលជួយបន្ថយសម្ពាធលើធនធានធម្មជាតិ។

អ្នកនាំពាក្យវ័យក្មេងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដាំចម្ការឈើរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) វាជាដំណើរការកសិ-ឧស្សាហកម្មមួយក្នុងចម្ការឈើដាំនៅក្នុងប្រទេសកម្ពុជា លើកដំបូង ដែលចម្ការឈើដាំនេះ វានឹងដើរតួនាទីដ៏សំខាន់នៅក្នុងការកាត់បន្ថយសម្ពាធលើឈើធម្មជាតិ ពីព្រោះឈើនៅប្រទេសកម្ពុជារបស់យើង ដែលតម្រូវការក្នុងមួយឆ្នាំៗ ប្រមាណជាង ២លានម៉ែត្រគូប ដូច្នេះ ត្រង់ចំណុចនេះហើយដែលដាក់សម្ពាធទៅលើឈើធម្មជាតិ»

លោក នេត្រ ភក្ត្រា បានបន្ថែមថា ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៏បានជំរុញកសិ-ឧស្សាហកម្មចម្ការឈើដាំ ដើម្បីផ្តល់នូវវត្ថុធាតុដើម កាត់បន្ថយសម្ពាធទៅលើឈើធម្មជាតិ ហើយប្រសិនបើជាយើងអត់មានអញ្ចឹងទេ នោះតម្រូវការប្រើប្រាស់ឈើធម្មជាតិ អត់មានអីក្រៅពីសម្ពាធលើឈើធម្មជាតិទេ អញ្ចឹងនេះជាកិច្ចការងារមួយដែលយើងខិតខំប្រឹងប្រែងធ្វើ ហើយសម្រាប់រាជរដ្ឋាភិបាល បានសហការជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ការជួញដូរឈើខុសច្បាប់ជាដើម។

លោក Run Peng Wei អ្នកជំនាញបច្ចេកទេសដាំកូនឈើរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក បានឱ្យដឹងថា បើតាមគោលការណ៍របស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០២១នេះ នឹងបន្ថែមល្បឿននៃការដាំកូនឈើឱ្យបាន៨០០០ ទៅ ១០,០០០ហិកតា ខណៈចាប់ពីឆ្នាំ២០១៩មក គឺក្រុមហ៊ុនបានដាំកូនប្រេងខ្យល់បាន ៣០០០ហិកតា។

លោក Run Peng Wei បានបន្តថា ក្រៅពីដាំដើមប្រេងខ្យល់ ក្រុមហ៊ុននឹងដាំប្រភេទដើមឈើផ្សេងៗទៀត ជាពិសេសប្រភេទពូជឈើដែលមានវត្តមាននៅប្រទេសកម្ពុជា ហើយនៅឆ្នាំ២០២១នេះ លោកនឹងពិសោធន៍ដាំដើមរកា ព្រោះថាប្រភេទដើមរកានេះ គឺអាចយកមកកែច្នៃធ្វើជាក្តាបន្ទះល្អបំផុត។

លោក សាន សុខហៀង តំណាងក្រុមហ៊ុន ស៊ីងបាយអូថេក បានឱ្យដឹងថា ក្រោយពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីនៅចុងឆ្នាំ២០១៨ ក្រុមហ៊ុនស៊ីងបាយអូថេក បានរៀបចំផែនការវិនិយោគរបស់ខ្លួន ដោយបានកំណត់ផែនការដាំកូនឈើជាង ៣០លានដើម ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ នៅលើផ្ទៃដី ៣៤.០០៧ហិកតា របស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ក្នុងខេត្តស្ទឹងត្រែង ដែលទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

លោក សាន សុខហៀង បានបន្តថា នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ គឺពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ក្រុមហ៊ុន ស៊ីង បាយអូថេក មានផែនការដាំកូនឈើជាង ៣០លានដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំងជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់ សំណង់ផ្សេងៗ ដែលកំពុងតែរីកដុះដាលយ៉ាងច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុជាដើម។
លោក សាន សុខហៀង បានបញ្ជាក់ថា ក្រុមហ៊ុនបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើវិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅក្នុងតំបន់នោះ ដែលមានដីទំនេរ ដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរបស់ពួកគាត់។ ក្រុមហ៊ុនសូមប្រកាសស្វែងរកដៃគូសហការផ្សេងៗទៀតដែរ ក្នុងការវិនិយោគដាំចម្ការឈើ។ ចម្ការឈើដាំនេះបានបង្កើតការងារជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ បង្កើតការងារនៅមូលដ្ឋាន ផ្តល់ប្រាក់ចំណូល និងបង្កើនជីវភាពប្រជាពលរដ្ឋ៕