(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ទោះបីនៅក្នុងឆ្នាំ២០២០ លោកបានស្នើសុំសម្តេចតេជោ ហ៊ុន សែន មិនជ្រើសរើសមន្ត្រីក្របខណ្ឌ សម្រាប់ក្រសួងបន្ថែមទៀតក៏ដោយ ក៏ដំណើរការការងាររបស់ក្រសួងនៅតែអាចធ្វើទៅបានដោយរលូន ទាំងការងារបំរើសេវាសាធារណៈ ការធ្វើផ្លូវ និងការកសាងផ្សេងៗ។

ការបញ្ជាក់ដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ នឹងលើកទិសដៅការងារ ឆ្នាំ២០២១ នៅនៅក្នុងសាលប្រជុំធំ ទីស្តីការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយចំនួន៥០០នាក់ ក្នុងនោះចំនួន២៣៥នាក់ នៅក្នុងសាលប្រជុំនានា នៅទីស្តីការក្រសួង និង២៦៥នាក់ មកពីមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន៨២០នាក់។

សន្និបាតឆ្នាំនេះបានរៀបចំឡើងក្រោមប្រធានបទ «លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត បច្ចេកទេស ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាពក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន និងភស្តុភារកម្ម» ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ល្អៗ ការ អនុវត្តតាមអនុសាសន៍ដ៏ល្អប្រពៃ មានតម្លៃ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «យើងមួយឆ្នាំមួយឆ្នាំ ប្រឡងក្របខណ្ឌ១៣០នាក់ នៅឆ្នាំ២០២០ ដើម្បីចូលរូមកាត់បន្ថយចំណាយរបស់ រាជរដ្ឋាភិបាល តាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបានធ្វើលិខិតទៅសម្តេចនាយករដ្ឋមន្ត្រី សូមគោរពស្នើសុំមិនជ្រើសរើស មិនប្រឡងក្របខណ្ឌទេនៅឆ្នាំ២០២០ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយចំណាយរបស់រាជរដ្ឋាភិបាល»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា «ឆ្នាំមុន (ឆ្នាំ២០២០) ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមិនបានរើសបុគ្គលិក ១៣០នាក់នេះទេ តើក្រសួងមាន រលំឫអត់? អត់មានទេ ធ្វើផ្លូវនៅតែធ្វើបាន សេវាសាធារណៈនៅតែល្អជូនប្រជាពលរដ្ឋ»

រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ ក៏បានស្នើឱ្យមន្ត្រីទាំងអស់គ្រប់មន្ទី និងនាយកដ្ឋាន កុំចេះតែស្នើសុំបុគ្គលិកបន្ថែមទៀត សូមពិនិត្យឡើងវិញបើការងារណា ដែល មិនចាំបាច់កុំធ្វើ និងត្រូវប្រើឱ្យអស់ធនធានដែលមាន ហើយបើមាន អាចកាត់បន្ថយពីនាយកដ្ឋានមួយទៅជួយនាយកដ្ឋានមួយទៀតបាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដល់គ្រប់មន្ទី និងនាយកដ្ឋានទាំងអស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវចូលរួមពិនិត្យការងារ ពិនិត្យនិតិវិធីនៃការ ធ្វើការ ចូលរួមកាត់បន្ថយការចំណាយទាំងអស់គ្នានៅតាមកន្លែងរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល កាត់បន្ថយចំណាយដែលមិនចាំបាច់ឱ្យបានច្រើន ហើយអាចសល់ថវិកាយកទៅចំណាយលើផ្នែកផ្សេងៗបានដូចជា៖ ការកសាងផ្លូវ ធ្វើស្ពាន សាលារៀន មន្ទីពេទ្យ និងអ្វីផ្សេងៗជាច្រើនទៀតផងដែរ៕