(ស្វាយរៀង)៖ យ៉ាងហោចណាស់កម្មករកម្មការិនីជិត ១ពាន់នាក់ ដែលបម្រើការងារនៅរោងចក្រក្រុមហ៊ុនវ៉ានជៀហាវ នីតធីង ឯ.ក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានធ្វើកូដកម្មទាមទារលក្ខខណ្ឌ ចំនួន៣ចំណុច ឲ្យថៅកែរោងចក្រក៏ដូចជាអាជ្ញាធរ មន្ទីរជំនាញរកដំណោះស្រាយ។
*លក្ខខណ្ឌទី១៖ សុំឲ្យក្រុមហ៊ុនទូទាត់ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ជូនកម្មករ និយោជិតនៅចប់កិច្ចសន្យា
*លក្ខខណ្ឌទី២៖ សុំឲ្យក្រុមហ៊ុនមានប្រាក់ថែទាំសុខភាព៥ដុល្លារ។
*លក្ខខណ្ឌទី៣៖ សុំឲ្យក្រុមហ៊ុនកាត់បំណាច់ឆ្នាំសម្រាប់ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះមួយថ្ងៃក្នុងមួយខែ។
ក្រោយពីមានការធ្វើកូដកម្មនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរក្រុងស្វាយរៀង ដឹកនាំដោយលោក សរ សុដានី អភិបាលរងក្រុង និងលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈខេត្តស្វាយរៀង ព្រមទាំងតំណាងក្រុមហ៊ុនរោងចក្រ និងតំណាំងកម្មករ បានធ្វើការសម្របសម្រួលផ្សះផ្សាររកដំណោះស្រាយជូនកម្មករ ដែលលទ្ធផលល្អកម្មករយល់ព្រមនឹងចូលធ្វើការវិញជាធម្មតានៅរសៀលនេះ។
លោក សរ សុដានី បានថ្លែងភ្នាក់ងារ Fresh News ថា នៅព្រឹកមិញនេះទាំងអាជ្ញាធរ មន្ទីរជំនាញ និងតំណាងភាគីរោងចក្រ តំណាងភាគីកម្មករ បានធ្វើកិច្ចពិភាក្សា និងរកដំណោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានធ្វើសម្បទានដល់កម្មករ ទទួលបាននូវការព្រមព្រៀងគ្នានៅលក្ខខណ្ឌមួយចំនួនដោយលក្ខខណ្ឌទី១ ភាគីក្រុមហ៊ុនរោងចក្រ នឹងចេញសេចក្តីប្រកាសមួយដើម្បីអនុវត្តអំពីការប្រើប្រាស់បំណាច់ឆ្នាំ។
សម្រាប់លក្ខខណ្ឌទី២៖ ភាគីក្រុមហ៊ុនមិនអាចផ្ដល់ជូននូវប្រាក់ថែទាំសុខភាពចំនួន៥ដុល្លារ ជូនបានទេ ដោយសារប្រាក់ខែថែទាំសុខភាពមិនមានកំណត់នៅក្នុងច្បាប់ ម្យ៉ាងទៀតក្រុមហ៊ុនក៏បានបង់ភាគទាន ជំនួសកម្មករនិយោជិតទាំងអស់ទៅ (ប.ស.ស) រួចហើយដូចនេះភាគីក្រុមហ៊ុនសុំឲ្យភាគីកម្មករនិយោជិតទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យដែលជាដៃគូរបស់ (ប.ស.ស)។
លក្ខខណ្ឌទី៣៖ ភាគីទាំងពីរបានព្រមព្រៀងគ្នាសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលត្រូវទៅពិនិត្យផ្ទៃពោះមួយថ្ងៃក្នុងមួយខែ ភាគីក្រុមហ៊ុន និងអនុញ្ញាតជូនដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនដល់ដដែល គឺមិនមានការកាត់កងបំណាច់ឆ្នាំឬប្រាក់ឈ្នួលនោះទេ។
លោកបានបន្តថា ក្រុមហ៊ុនរោងចក្រសំលៀកបំពាក់មានគោលការណ៍ថ្មីមួយចំនួន ដើម្បីលើកកម្ពស់ការគាំពារស្ត្រីមានផ្ទៃពោះ និងសម្រាលកូន ដោយកម្មការិនីដែលសម្រាលកូនរួច នៅពេលចូលធ្វើការងារវិញបន្ទាប់ ពីឈប់សម្រាកសម្រាលកូន ក្រុមហ៊ុន នឹងផ្ដល់ជាកាដូអនុស្សាវរីយ៍ សំលៀកបំពាក់ទារក និងប្រាក់ឧបត្ថម្ភ៥០ដុល្លារ សរុបជាទឹកប្រាក់ប្រមាណ១៥០ដុល្លារ ព្រមទាំងអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះអាចចេញមុនម៉ោង ការងារចំនួនមួយម៉ោងក្នុងមួយថ្ងៃ ដោយចែកជាពីរពេលគឺមុនពេលសម្រាកពិសារបាយថ្ងៃត្រង់កន្លះម៉ោង និងមុនពេលឈប់សម្រាកពេលរសៀលកន្លះម៉ោង។
លោកបានបន្ថែមថា ស្ថានភាពនៃកូដកម្មកម្មករ ធ្វើកូដកម្មដោយសន្តិវិធីគ្មានប្រើអំពើហិង្សា ហើយចំពោះថ្ងៃចេញធ្វើកូដកម្មនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ភាគីក្រុមហ៊ុននឹងកាត់បំណាច់ឆ្នាំសំរាប់កម្មករនិយោជិត ដែលមានបំណាច់ឆ្នាំ។
ចំពោះកម្មករនិយោជិត ដែលមិនមានបំណាច់ឆ្នាំក្រុមហ៊ុននឹងកាត់ប្រាក់ឈ្នួលប្រចាំថ្ងៃ ចំពោះប្រាក់រង្វាន់ទៀងទាត់ និងប្រាក់រង្វានផ្សេងៗរបស់ក្រុមហ៊ុនរក្សាទុកជូន។ ដោយឡែក ថ្ងៃកូដកម្មនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បើកម្មករនិយោជិតចូលធ្វើការវិញនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមហ៊ុន នឹងគិតប្រាក់ឈ្នួលជូនមួយថ្ងៃពេញ បើចូលធ្វើការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ភាគីក្រុមហ៊ុននឹងកាត់បំណាច់ឆ្នាំសំរាប់កម្មករនិយោជិត ដែលមានបំណាច់ឆ្នាំ ចំពោះកម្មករនិយោជិតដែលមិនមានបំណាច់ឆ្នាំក្រុមហ៊ុននិងកាត់ប្រាក់ឈ្នួលប្រចាំថ្ងៃចំពោះប្រាក់រង្វាន់ទៀងទាត់និងប្រាក់រង្វាន់ផ្សេងក្រុមហ៊ុនរក្សាទុកជូន។
បើតាមលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅរសៀលនេះថា កម្មករជាង ៦០០នាក់ បានចូលធ្វើការធម្មតាវិញហើយនៅរសៀលថ្ងៃនេះ ចំណែកកម្មករប្រមាណ ៣០០ នាក់ទៀតមិនទាន់បានចូលធ្វើការនោះទេ ដោយសារពួកគាត់ទៅផ្ទះមិនដឹងព័ត៌មានដែលអាជ្ញាធរនិងមន្ទីរជំនាញបានធ្វើការផ្សះផ្សា សម្របសម្រួលព្រមព្រៀងគ្នាដូច្នេះនៅថ្ងៃទី១៧ ខែកុម្ភៈស្អែកនេះ កម្មករនឹងវិលចូលធ្វើការទាំងអស់ជាធម្មតាវិញហើយ៕