(ភ្នំពេញ)៖ មកដល់បច្ចុប្បន្ននេះគ្រូបង្គោលថ្នាក់រាជធានីខេត្តចំនួន៣៨០នាក់ និងមន្រ្ដីទទួលបន្ទុកកំណត់អត្តសញ្ញាណជនមានពិការភាពថ្នាក់ឃុំសង្កាត់ចំនួន១៤៧២នាក់ ស្រីចំនួន៥៨១នាក់ បានទទួលវគ្គបណ្តុះបណ្តាលជំនាញកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន។
នេះជាការលើកឡើងរបស់លោក សួង ម៉េងឡុង រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្តស្តីពីការការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានសម្រាប់ ខេត្តព្រះសីហនុ និងខេត្តកណ្តាល នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
វគ្គបណ្តុះបណ្តាលនេះ មានសមាសភាពអញ្ជើញចូលរួមចំនួន៥០នាក់មកពីតំណាងមន្រ្តីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងសាលាខេត្ត តំណាងសាលាក្រុង ស្រុក ខណ្ឌនៃខេត្តព្រះសីហនុ និងខេត្តកណ្តាល តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ស្ថាប័នពាក់ព័ន្ធនានា ដែលថ្ងៃនេះមានវគ្គបណ្តុះបណ្តាលពីរបានរៀបចំដំណាលគ្នាគឺនៅខេត្តព្រះសីហនុ និងខេត្តកំពត ដែលមានសមាសភាពការចូលរួមពីខេត្តកណ្តាល និងខេត្តកោះកុង។
លោក សួង ម៉េងឡុង បានបន្ថែមថា ដោយការអនុវត្តនៃការកំណត់អត្តសញ្ញាណពិការភាព ក្នុងជុំទី១នេះ ខេត្តចំនួន ៨ រួមមានខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រឹមតែបីសប្តាហ៍ប៉ុណ្ណោះ មានជនមានពិការភាពចំនួន២៤២៦៧នាក់ ក្នុងនោះស្រ្ដីចំនួន១១១៥៥នាក់ បានចុះក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាពរួចហើយ។
លោកថា ពេលនេះការចាប់ផ្ដើមពង្រឹកសមត្ថភាពគ្រូបង្គោលសម្រាប់ជុំទី២ដែលមានខេត្តចំនួន១៧ខេត្ត រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តព្រះវិហា ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តកោះកុង។
ដោយឡែក លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមរយៈនីតិវិធីនៃការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលអនុវត្តតាមប្រព័ន្ធឌីជីថល ខេត្តព្រះសីហនុអាចជួយ ជនមានពិការភាពអោយទទួលបានប័ណ្ណសំគាល់ពិការភាពសម្រាប់ប្រើប្រាស់តាមតម្រូវការនៃសេវានានាជាសាធារណៈ ឬ ឯកជន ដែលបានបង្ហាញយ៉ាងច្បាស់នូវសារប្រយោជន៍នៃកម្មវិធីអត្តសញ្ញាណពិការភាព ដែលក្នុងនោះមានដូចជា ការជួយសម្រួលដល់ការទទួលបានការគាំទ្រផ្នែកសេវាគាំពារសង្គមនិងជំនួយសង្គម អាទិភាព ការងារក្នុងស្ថាប័នរដ្ឋនិងឯកជន ការធ្វើដំណើដោយប្រើមធ្យោបាយសាធារណៈ សម្រួលក្នុងការចូលសិក្សាក្នុងគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជននៅគ្រប់កម្រិតសិក្សា ការចូលទស្សនាទីកន្លែងកម្បាន្ត ការសម្រួលក្នុងការទទួលបានសេវាសុខភាពនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ និងមណ្ឌលស្តារកាយសម្បទា ការលើកទឹកចិត្តផ្នែកពន្ធដារស្របតាមច្បាប់ជាធរមានការបណ្តុះបណ្តាលវិជ្ជាជីវៈមុខរបរនិងការងារប្រកបដោយបរិយាបន្ន សកម្មភាពសិល្បៈ និងកីឡាជនមានពិការភាព។ល។
លោកស្រី បន្ថែមថា ក្នុងនាមសាលាខេត្ត សូមសម្តែងនូវការកោតសសើចំពោះការយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានរៀបចំកម្មវិធីនេះឡើង ហើយលោកជំទាវ មានជំនឿយ៉ាងមុតមាំថា តាមរយៈការអនុវត្តន៍កម្មវិធីនេះ រាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យជនមានពិការភាពនៅទូទាំងប្រទេស ការផ្តល់សេវាដល់ជនមានពិកការភាពកាន់តែប្រសើដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជនមានពិការភាពក្រីក្រកាន់តែងាយស្រួល និងមានប្រសិទ្ធិភាព ដែលជាការលើកស្ទួយជីវភាពរស់នៅ ធានាបានការរស់នៅដោយឯករាជ្យ សម្រាប់ជនមានពិការភាព។
ជាមួយគ្នានោះ លោកស្រី ហៀក ហ៊ីមុល្លី ក៏បានផ្តាំផ្ញើរឲ្យសិក្ខាកាមប្រឹងប្រែងខិតខំ ទទួលយកចំណេះដឹង ដែលគ្រូឧទ្ទេសថ្នាក់ជាតិ បានបំពាក់បំប៉នចំណេះដឹង និងនីតិវិធីអនុវត្តផ្ទាល់ជូននាពេលនេះផងដែរ៕