(បន្ទាយមានជ័យ)៖ ស្ត្រីម្នាក់ជាមេខ្សល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា មេខ្យល់នោះមានឈ្មោះ ខន សុឃឿត អាយុ៣៦ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ស្ត្រីរូបនេះ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រមដែនគោកលេខ៩១១ ចុះល្បាតតាមបន្ទាត់ព្រំដែនឃាត់ខ្លួនបាននៅវេលាម៉ោង ៤នាទីល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចភូមិសាស្ត្រភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេលដែលស្ត្រីនោះកំពុងនាំមនុស្សឆ្លងដែនចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងខុសច្បាប់គេចពីការធ្វើចត្តាឡីស័ក ហើយបានបញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរនាំ។
លោកបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានលួចនាំមនុស្សចេញ ចូលឆ្លងដែនចំនួន ៥លើករួចមកហើយ ចាប់ពីខែមករា ឆ្នាំ២០២១មក ដោយបានជូនគេទៅធ្វើការដកដំឡូង និងកាប់អំពៅ ក្នុងរយៈពេល ១អាទិត្យទើបវិលមកខ្មែរវិញ ដោយយកគេក្នុង ២នាក់ តម្លៃ ៣០០បាត។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារយ៉េនឌ័រ និងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ដោយផ្អែកតាមចម្លើយសារភាពនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង៕