(ភ្នំពេញ)៖ ទឹកដោះគោស្រស់ តេជោសែន ឬស្សីត្រឹប ត្រូវបានត្រៀមដាក់បញ្ចូលក្នុងបញ្ជីផលិតផល «ភូមិមួយផលិតផលមួយ»។ នេះបើតាមការប្រកាសព័ត៌មាន នៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ជាមួយនឹងរាជបណ្ឌិតសភាកម្ពុជា លើផលិតផលទឹកដោះគោស្រស់ តេជោសែន ឬស្សីត្រឹប ដើម្បីបញ្ជូលក្នុងបញ្ជីផលិតផលភូមិមួយផលិតផលមួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជា សំណាង អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក សូត្រ សំណាង ទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវ និងជាប្រធានឧទ្យានរាជបណ្ឌិតសភាកម្ពុជា ឬស្សីត្រឹប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានភូមិ១ផលិតផល១, រាជបណ្ឌិតសភាកម្ពុជា, ក្រុមការងារចលនាភូមិ១ផលិតផល១ ក្រសួងពាណិជ្ជកម្ម, សកលវិទ្យាល័យភូមិន្ទកសិកម្ម, សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងបុត្រសម្ព័ន្ធ Super App Technology។
លោក សូត្រ សំណាង បានបញ្ជាក់ថា រាជបណ្ឌិតសភាកម្ពុជាបានផ្តួចផ្តើមគម្រោងចិញ្ចឹមគោទឹកដោះនៅឧទ្យានជាតិរាជបណ្ឌិតកម្ពុជា តេជោសែន ឬស្សីត្រឹប ដើម្បីជាការស្រាវជ្រាវ ដកពិសោធន៍ និងចងក្រងឯកសារក្នុងការបង្រៀន និងផ្តល់នូវវិធីសាស្រ្តចិញ្ចឹមយ៉ាងត្រឹមត្រូវដល់ប្រជាកសិករក្នុងតំបន់ជុំវិញ ក្នុងគោលដៅលើកកម្ពស់កម្រិតជីវភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទ និងជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើន។ ជាលទ្ធផល រាជបណ្ឌិតសភាកម្ពុជាសម្រេចបានផលិតផល ទឹកដោះគោស្រស់តេជោសែន ឬស្សីត្រឹប និងចែកចាយនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។
លោក សូត្រ សំណាង បន្ថែមថា ដោយមើលឃើញពីទិសដៅរបស់ចលនាភូមិមួយផលិតផលមួយ មានគោលដៅចម្បងពង្រឹង ពង្រីក និងលើកកម្ពស់ផលិតផលខ្មែរ រាជបណ្ឌិតសភាកម្ពុជាបានសម្រេចស្នើសុំលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីសុំអនុញ្ញាតបញ្ជូល ទឹកដោះគោស្រស់តេជោសែន ឬស្សីត្រឹប ទៅក្នុងបញ្ជីផលិតផលភូមិមួយផលិតផលមួយ និងចូលជាសមាជិកជំរុញចលនាភូមិមួយផលិតផលមួយ។ ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងសរសើរចំពោះគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលបានវិនិយោគគម្រោងចិញ្ចឹមគោទឹកដោះ និងស្វាគមន៍ចំពោះសំណើសុំបញ្ជូលទឹកដោះគោស្រស់ តេជោសែន ឬស្សីត្រឹប ជាផលិតផលភូមិមួយផលិតផលមួយ និងចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ។
«ដើម្បីសម្រេចបាននូវគោលដៅនេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានរៀបចំកិច្ចប្រជុំថ្ងៃនេះដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងការជួយស្វែង រកទីផ្សារដើម្បីផ្សព្វផ្សាយផលិតផលទឹកដោះគោស្រស់តេជោសែន ឬស្សីត្រឹប ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងវិស័យឯកជន និងស្ថាប័នរដ្ឋ លើកិច្ចសហប្រតិបត្តិការនេះ»។ នេះបើតាម លោក សូត្រ សំណាង។
សូមជម្រាបថា ទឹកដោះគោស្រស់ខ្មែរកើតចេញពីការប្រឹងប្រែងស្រាវជ្រាវ និងជម្នះឧបសគ្គជាច្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា បានចែកចាយនៅលើទីផ្សារ កាលពីអំឡុងខែតុលា ឆ្នាំ២០១៩។ បច្ចុប្បន្នទឹកដោះគោស្រស់នេះ កំពុងចែកចាយនៅតាមផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយក៏មានការដឹកជញ្ជូនតាមការបញ្ជាទិញ និងចែកចាយទៅតាមបណ្តាខេត្តផងដែរ។
ទឹកដោះគោតេជោសែនឬស្សីត្រឹប ត្រូវបានដាក់លក់ជាមួយនឹងការរំលេចនូវពាក្យស្លោកថា «ទឹកដោះគោយើង ផលិតផលជាតិយើង»។ ពាក្យស្លោក បានបង្ហាញពីមោទនភាពចំពោះទឹកដោះគោដែលផលិតដោយដៃខ្មែរជាលើកដំបូងនេះ។
មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នកចែកចាយទឹកដោះគោស្រស់នេះ បានគូសបញ្ជាក់ថា ទឹកដោះគោស្រស់តេជោសែនឬស្សីត្រឹប ជាទឹកដោះគោស្រស់សុទ្ធ ១០០ភាគរយ មិនមានបន្ថែមសារធាតុគីមី ឬសារធាតុរក្សាទុកដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់នោះឡើយ។ ទឹកដោះគោនេះ ពោរពេញដោយប្រូតេអ៉ីន និងកាលស្យូមខ្ពស់ជួយដល់សុខភាព ជួយដល់ការលូតលាស់ បំប៉នឆ្អឹង ប្រាជ្ញាឈ្លាសវៃ។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានគេរកឃើញជាតំបន់ឧស្សាហកម្មដែកដ៏ធំរបស់កម្ពុជាកាលពី ១ពាន់ឆ្នាំមុន។ នៅក្នុងសម័យបច្ចុប្បន្ន តំបន់នេះក៏ត្រូវបានប្រែក្លាយទៅជាតំបន់ឧស្សាហកម្មស្បៀងអាហាររបស់កម្ពុជាផងដែរ ក្នុងបំណងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ អ្នកដែលបានទទួលទានទឹកដោះគោស្រស់ផលិតផលរបស់ខ្មែរបានសរសើរពីរសជាតិថា ឆ្ងាញ់ជាងបណ្តាទឹកដោះគោស្រស់មួយចំនួនដែលនាំចូលពីប្រទេសជិតខាងទៀតផង៕