(បន្ទាយមានជ័យ)៖ សមត្ថកិច្ចចម្រុះ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះពិនិត្យស្ថានភាពនៅច្រករបៀងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ផ្សេងៗ។ ប្រតិបត្តិការនេះដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងសមត្ថកិច្ចផងដែរ។
លោក ង៉ោ ម៉េងជ្រួន បានលើកឡើងថា អាជ្ញាធរខេត្ត បានដឹកនាំកងកម្លាំងសមត្ថកិច្ចចម្រុះថ្ងៃនេះ ក្នុងគោលបំណងរឹតបន្តឹងការងារសន្តិសុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសនោះ គឺដើម្បីទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ពីប្រទេសថៃ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តន៍វិធានការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» ឱ្យបានតឹងរឹងបំផុតចំពោះអ្នកព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក។
បទបញ្ជា និងការណែនាំដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ បទបញ្ជា និងការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពលករខ្មែរឆ្លង មកពីប្រទេសថៃមួយចំនួន បានព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពលករឆ្លងពីថៃ ហើយចូលធ្វើចត្តាឡីស័កគិតត្រឹមយប់ថ្ងៃទី១៤ ខែកុម្ភៈ មានចំនួន ៣៥,៦៦៥នាក់។ ក្នុងនោះអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនទាំង៧ មានចំនួន ១១,៨៥៧នាក់។ក្នុងចំណោមអ្នកឆ្លងដែនពីប្រទេសថៃនេះ រកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ៨៩នាក់។
សម្រាប់អ្នកធ្វើចត្តាឡីស័កនេះ ក្នុងមួយថ្ងៃទទួលបានការឧបត្ថម្ភថវិកា ២ម៉ឺនរៀល ដោយមិនគិតពីការឧបត្ថម្ភទឹកបរិសុទ្ធ ឬមី ក៏ដូចជាសម្ភារប្រើប្រាស់ដទៃទៀតនោះឡើយ៕