(ភ្នំពេញ)៖ ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម ក្រុមហ៊ុនចំនួន១៦ និងសហគមន៍កសិកម្មចំនួន២ បានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយកសិករតំណាងបណ្តុំ អាជីវកម្ម ចំនួន១៦ និងចុះ MoU ចំនួន២ សម្រាប់ការទិញ-លក់ កសិផលសរុបជិត៣,៤០០តោន ដែលមានតម្លៃសរុប ប្រមាណ១.៤លានដុល្លារ។

ពិធីចុះហត្ថលេខាកិច្ចសន្យា និង MOU ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នាទីស្ដីការក្រសួងកសិកម្ម។

ក្រុមហ៊ុនទាំង១៦នោះ រួមមាន៖

១៖ ក្រុមហ៊ុនអាគ្រីអន និងបណ្តុំអាជីវកម្ម បន្លែទួលត្រពាំងស្រស់បំព្រង បន្លែ៧២០តោន ថ្លៃ៣៦០,០០០ដុល្លារ។
២៖ ក្រុមហ៊ុន Green Fresh Market និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ស្វាយប្រទាល បន្លែ១៨.៧តោន ថ្លៃ១៦,៣០០ដុល្លារ។
៣៖ ក្រុមហ៊ុន Bio Market និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ស្វាយប្រទាល បន្លែ៣.៨តោន ថ្លៃ៣,១៥០ដុល្លារ។
៤៖ ក្រុមហ៊ុន Natural Garden និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ពោធិ៍តាប៉ាង បន្លែ១៩តោន ថ្លៃ១៦,៧០០ដុល្លារ។
៥៖ ក្រុមហ៊ុន Green Garden និងបណ្តុំអាជីវកម្មបន្លែចំប៉ាព្រៃផ្តៅ បន្លែ ៦៤.៣តោន ថ្លៃ៦២,៥០០ដុល្លារ។
៦៖ ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ក្រចាប់មានជ័យ បន្លែ១៨.៦តោន ថ្លៃ១៨,៦០០ដុល្លារ។
៧៖ ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព សាមគ្គី ភូមិថ្មីវាលវង់ បន្លែ១២.៦តោន ថ្លៃ១២,៦០០ដុល្លារ។
៨៖ ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែបៃតងពង្រកងវ៉ា បន្លែ៦តោន ថ្លៃ៣,០០០ដុល្លារ។
៩៖ ក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ និងបណ្តុំអាជីវកម្មបន្លែបៃតង គោកស្រុក បន្លែ២៩តោន ថ្លៃ៧,២៥០ដុល្លារ។
១០៖ ក្រុមហ៊ុនមាសបៃតង និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ក្រុងសែនមនោរម្យ បន្លែ១៦៤តោន ថ្លៃ២០៥,២៥០ដុល្លារ។
១១៖ សហគមន៍កសិកម្ម អមលាំង និងបណ្តុំអាជីវកម្មបន្លែ ភូមិដូនទិព្វ បន្លែ៣៦៥តោន ថ្លៃ២៧៣,៨៦០ដុល្លារ។
១២៖ សហគមន៍បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ និងបណ្តុំអាជីវកម្មបន្លែ ភូមិទំពូង បន្លែ៥០.២តោន ថ្លៃ៣៧,៦៨០ដុល្លារ។
១៣៖ ក្រុមហ៊ុន Green Fresh Market ជាមួយបណ្តុំអាជីវកម្មមាន់ស្រែល្ងៀងមានជ័យ មាន់សាច់១តោន ថ្លៃ៦,៥០០ដុល្លារ។
១៤៖ ក្រុមហ៊ុន Green Garden និងបណ្តុំអាជីវកម្មមាន់ មរតករុងរឿង មាន់សាច់ទម្ងន់១៨.៩តោន ថ្លៃ១៣៥,០០០ដុល្លារ។
១៥៖ ក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព អូរស្វាយ ផ្លែឪឡឹកសាច់លឿង១៨០តោន ថ្លៃ៨១,០០០ដុល្លារ។
១៦៖ ក្រុមហ៊ុនអង្គរ Green និងបណ្តុំអាជីវកម្មស្វាយកែវរមៀតសាមគ្គីតំបែរ ស្វាយ៩៧តោន ថ្លៃ៣០,៣០០ដុល្លារ។

ដោយឡែក MoU ចំនួន២ រួមមាន ទី១៖ ក្រុមហ៊ុន Green Feed និងបណ្តុំអាជីវកម្មដំឡូងមីសូភាស ដំឡូងមី១,០៧៥តោន ថ្លៃ៩៤,០០០ដុល្លារ និងទី២៖ ក្រុមហ៊ុន Green Feed និងបណ្តុំអាជីវកម្មដំឡូងមី ល្វាលើ ដំឡូងមី ៥៥០តោន ថ្លៃ៤៨,០០០ដុល្លារ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី វេង សាខុន ក៏បានផ្តល់អនុសាសន៍ ជាគន្លឹះមួយចំនួន ពាក់ព័ន្ធការអនុវត្តខ្លឹមសារ MOU និងកិច្ចសន្យា រួមមាន៖

* ការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបទាន់សម័យ
* ការរៀបចំចងក្រងបណ្តុំផលិត
* ការរៀបចំកន្លែងប្រមូលទិញ និងស្តុកកសិផល
* ការពង្រីកទីផ្សារ
* ការពង្រឹងយន្តការ ផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព ផ្តល់ស្លាកសញ្ញា ឬ QR Code
* ការអនុវត្តកសិកម្មល្អ និងការជួយគាំទ្រ និងផ្សព្វផ្សាយការបរិភោគ កសិផលសុវត្ថិភាព -ល-៕