(កំពង់ឆ្នាំង)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ ដោយសារនាយប៉ុស្តិ៍នគរបាលឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានដេកស្លាប់នៅក្នុងប៉ុស្តិ៍ម្នាក់ឯង ដែលសមត្ថកិច្ចបានសង្ស័យថា ជនរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៣០នាទីព្រឹកនៅក្នុងប៉ុស្តិ៍នគរបាល ស្ថិតនៅក្នុងភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចដែលបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ សុផង់ អាយុ៥៥ឆ្នាំ មានប្រពន្ធឈ្មោះ ប៉ែន សុខនី អាយុ៥៣ឆ្នាំ មានកូន៧នាក់ រស់នៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំ ពង់ឆ្នាំង។

មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈនេះ ជនរងគ្រោះកំពុងតែនិយាយអាយកូមជាមួយ អធិការនគរបាលស្រុក នៅក្នុងបន្ទប់ម្នាក់ឯងដែលបិទគន្លឹះខាងក្នុងជាប់។លុះព្រឹកឡើងមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ បានទៅដាស់លោកមេប៉ុស្តិ៍ឲ្យភ្ញាក់ឡើងដើម្បីទៅប្រជុំនៅអធិការនគរបាលស្រុករលារប្អៀរ តែមិនឃើញមានការឆ្លើយតប គាត់ក៏មើលពីក្រៅទៅក្នុងបន្ទប់បានឃើញជនរងគ្រោះ ដេកស្លៀកខោខ្លីខ្លួនទទេនៅលើប៉ៅអ៉ី។

ដោយមានការសង្ស័យ ក៏បានជម្រាបទៅលោកមេឃុំ និងក្រុមប្រឹក្សាឃុំស្រែថ្មី និងលោកនាយរងប៉ុស្តិ៍ឱ្យជួយពិនិត្យមើលព្រោះ ជនរងគ្រោះបានបិទទ្វារ និងដាក់គន្លឹះពីក្នុងជាប់ និងក៏បានរាយការណ៍ជូនអធិការនគរបាលស្រុករលារប្អៀរ ពីស្ថានភាពនេះ ហើយក៏មានការភ្ញាក់ផ្អើលភ្លាមៗតែម្តង។

ក្រោយមក ក៏មានការគាស់បង្អួចចូលទៅមើលទើបដឹងថា លោកមេប៉ុស្តិ៍បានដេកស្លាប់នៅលើប៉ៅអ៉ីមិនដឹងតាំងពីពេលណាទេ។ ដោយឡែក តាមការធ្វើកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ និងចៅក្រមតុលាការ ខេត្តកំពង់ឆ្នាំង បានដាក់ការសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ចន្លោះពីម៉ោង ២ទៅម៉ោង ៣ទាបភ្លឺ អាចបណ្តាលមកពីការលើសឈាម ហើយបានដាច់សរសៃឈាមស្លាប់ ព្រោះជនរងគ្រោះមានជំងឺលើសឈាម និងកំពុងតែលេបថ្នាំជាប្រចាំផងដែរ។

ក្រោយពីបានពិនិត្យរួចមក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារដឹកតាមរថយន្តរបស់ស្នងការនគរបាលខេត្ត ឆ្ពោះទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕