(កំពង់ចាម)៖ សមិទ្ធផលនានាក្នុងមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្រុកស្ទឹងត្រង់ ដែលចំណាយថវិកាអស់ជាង៣៣ម៉ឺនដុល្លារ បានមកពីដៃគួរអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការហើយ ក្រោមអធិបតីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដោយមានការចូលរួមពីអភិបាលរងខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើផងដែរ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមលោក គឹមសួរ ភីរុណ បានថ្លែងថា មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ជាមន្ទីរពេទ្យទើបបង្កើតថ្មី មានការខ្វះខាតជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ប៉ុន្តែកន្លងមកនេះ ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ទីពេទ្យមួយនេះ បានធ្វើការអភិវឌ្ឍ ជាបន្តបន្ទាប់ នៃធនធានបានមកពីជំនួយសប្បុរសធម៌នានា ព្រមទាំងអង្គការ ដើម្បីធ្វើការអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកនេះ ឲ្យមានដំណើរការសមស្របជាទីកន្លែងផ្តល់សេវាសុខាភិបាលគួរជាទីទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ។
ជាក់ស្តែងដូចជាពេលនេះ ដោយមានការចង្អុលបង្ហាញពីលោក អ៊ុន ចាន់ដា, យើងបានទទួលនូវជំនួយពីអង្គការសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលត្រូវបានសាងសង់រួចរាល់ និងរៀបចំពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា រួមមាន៖ ប្រព័ន្ធផ្លូវ បង្គន់អនាម័យបន្ទប់ទឹក លូបង្ហូរទឹកភ្លៀង និងសួនច្បារ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ដែលបានចំណាយថវិកាអស់ជាង ៣៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ គឺជាការឆ្លើយតបទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជាចាំបាច់ ពិសេសគឺសេវាព្យាបាល និងថែទាំសុខភាព របស់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ម្យ៉ាងទៀតមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ និងបន្តអភិវឌ្ឍ មានបំពាក់សម្ភារៈបរិក្ខាពេទ្យឲ្យមានស្តង់ដារប្រហាក់ប្រហែលទៅនិងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងការបណ្ដុះបណ្ដាលគ្រូពេទ្យជំនាញ ឲ្យមានសមត្ថភាពអាចព្យាបាលជំងឺធ្ងន់ធ្ងរបានដូចគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកំពង់ចាមដូច្នោះដែរ។
ប្រការនេះអាចជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងស្រុកស្ទឹងត្រង់ ឬក៏នៅមូលដ្ឋានជាប់នឹងស្រុកមួយនេះ អាចរត់រកសេវាព្យាបាលសុខភាព ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យខេត្តកំពង់ចាម ដែលនៅឆ្ងាយនោះឡើយ ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ប្រតិភូសមាគមសាសនាចក្រព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានខិតខំប្រឹងប្រែងចូលរួម ក្នុងការផ្ដល់ជូននូវសមិទ្ធផលដ៏ថ្លៃថ្លា ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាន សម្រាប់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងស្រុកស្ទឹងត្រង់។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ សូមចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយត្រូវជៀសឲ្យផុតពីការប្រព្រឹត្តល្បែងស៊ីសង ពិសេសទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន សូមបងប្អូនប្រជាពលរដ្ឋ សហការជាមួយនឹងសមត្ថកិច្ចដើម្បីទប់ស្កាត់ទាំងអស់គ្នា ពោល ប្រសិនបើបានជួបប្រទះ ការជួញដូរ ការប្រើប្រាស់ ការធ្វើចរាចរគ្រឿងញៀន នៅក្នុងសហគមន៍ សូមរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅបង្ក្រាបបទល្មើសនោះបានទាន់ពេលវេលា។
ម្យ៉ាងទៀតសូមបងប្អូនប្រជាពលរដ្ឋយើង ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់គ្នា ដើម្បីការពារពីការគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឲ្យរងរបួស ធ្វើឱ្យខាតពេលវេលាក្នុងការព្យាបាល និងខាតបង់ថវិកា ឬក៏គ្រោះថ្នាក់បាត់បង់ជីវិតដោយសារតែការធ្វេសប្រហែស មិនបានអនុវត្តតាមច្បាប់ចរាចរណ៍នោះ៕