(ភ្នំពេញ)៖ លោក ឈុន សុជា រួមនិងប្រាពលរដ្ឋរស់នៅតាមដងផ្លូវលេខ២៣០ ក្រុម១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានធ្វើលិខិតប្តឹងទៅនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមទំព័រ Facebook របស់សម្តេចឲ្យជួយអន្តរាគមន៍ដល់ពួកគាត់ រឿងលោកស្រី ស៊ុយ សុផាន រំលោភយកដីសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
នៅក្នុងលិខិតផ្ញើទៅកាន់នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ឈុន សុជា បានអះអាងថា លោកស្រី ស៊ុយ សុផាន នាយកក្រុមហ៊ុនផានអ៉ីមិច បានប្រើកងអង្គរក្សលើករោងសង្កសីយកទៅដាក់រំលោភលើចិញ្ចើមថ្នល់លេខ២៣០ កែង ២៥៣ ចំហៀងផ្ទះលេខ១៣J បង្កឲ្យស្ទះចរាចរណ៍ អត់ផ្លូវថ្មើរជើង បាត់សោភ័ណភាពទីក្រុង បង្កជាគំនរសំរាម សំបុកក្រុមថ្នាំញៀន និងខូចសណ្តាប់ធ្នាប់សាធារណៈថែមទៀតផង។
នៅក្នុងលិខិតនោះ លោក ឈុន សុជា បានបញ្ជាក់ថា លោកស្រី ស៊ុយ សុផាន បានបង្ខំឲ្យម្ចាស់ផ្ទះបង់ប្រាក់ចំនួន ៣០,០០០ដុល្លារជាថ្នូរ នឹងការយករោងសង្កសីនោះចេញវិញ។
លោក ឈុន សុជា បានបន្តថា «កន្លងមកយើងខ្ញុំជាម្ចាស់ផ្ទះ និង ប្រជាពលរដ្ឋ បានប្តឹងទៅអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ជាយូរមកហើយ តែគ្មានដំណោះស្រាយ ដូចនេះយើងខ្ញុំសូមសម្តេចជួយរកយុត្តិធ៌ម និងចាត់វិធានការជូនប្រជាពលរដ្ឋដោយអនុគ្រោះ ព្រោះយើងខ្ញុំទាំងអស់គ្នាសង្ឃឹម យ៉ាងមុតមាំថា មានតែសមេ្តចទើបអាចបំបាត់ទុក្ខវេទនារបស់ប្រជាពលរដ្ឋបាន»។
ពាក់ព័ន្ធការសាងសង់រោងសង្កសីរបស់លោកស្រី ស៊ុយ សុផាន រំលោភលើផ្លូវសាធារណៈនេះ កាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាទៅអភិបាលខណ្ឌទួលគោក ចុះទៅរុះរើម្តងរួចមកហើយ តែរហូតមក ដល់ពេលនេះមិនទាន់ មានការរុះរើនៅឡើយទេ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ឈុន សុជា៕