(ព្រះវិហារ)៖ នារីវ័យក្មេងម្នាក់ បានរត់តាមសង្សាររបស់ខ្លួនចេញពីមណ្ឌលចត្តាឡីស័កមួយកន្លែងស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្ហោះលេីហ្វេសប៊ុកដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នារីវ័យក្មេងរូបនេះ បានរត់ចេញពីមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ នារីរូបនេះមានឈ្មោះ ធា ជីថា អាយុ
១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
របាយការណ៍បន្ថែមថា នារីរូបនេះរត់តាមសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្គការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News នៅថ្ងៃទី១៦ ខែកុម្ភៈ នេះថា នារីរូបនេះត្រូវបានមន្ត្រីមន្ទីរសុខាភិបាលតាមរកឃេីញ និងយកទៅកាន់មណ្ឌលចត្តាឡីស័កវិញហេីយ។
បេីតាមលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា នារីរូបនេះ បានតម្រូវឱ្យធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃឡេីងវិញ។ មន្ត្រីសុខាភិបាល ក៏បានតាមរកអ្នកពាក់ព័ន្ធយកមកធ្វេីចត្តាឡីស័កផងដែរ។
លោកស្រី យក់ សម្បត្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវធ្វេីចត្តាឡីស័កសូមចូលរួមសហការកុំរត់គេចពីកន្លែងធ្វេីចត្តាឡីស័ក ។ ការធ្វេីបែបនេះងាយនាំឱ្យមានហានិភ័យក្នុងការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញ បានដាក់ចេញបទបញ្ជាឱ្យអនុវិធានការច្បាប់ឱ្យបានតឹងរឹងចំពោះអ្នករត់គេចពីកន្លែងធ្វេីចត្តាឡីស័កនេះ។
អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដែលបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ជំពូកទី៥ ស្តីពីទណ្ឌកម្ម ក្នុងមាត្រា៨ បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណាដែលគេចវេសមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តន៍វិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ១លានរៀល ទៅតាមទំហំនៃបទល្មើស និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។
ក្នុងមាត្រានេះ បានចែងទៀតថា ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេសពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕