(ភ្នំពេញ)៖ នាយករងមជ្ឈមណ្ឌលរក្សាសន្តិភាពកងទ័ពប្រជាជនវៀតណាម លោក លូ ឌីងហៀង បានស្នើកងកម្លាំងរក្សាសន្តិភាពកម្ពុជា ជួយហ្វឹកហាត់ដល់កងទ័ពរបស់ខ្លួន គ្រាដែលប្រទេសវៀតណាម ត្រៀមបញ្ជូនកងទ័ពរក្សាសន្តិភាពក្រោមទង់អង្គការសហប្រជាជាតិទៅកាន់ប្រទេសកំពុងកើតសង្រ្គាម។
សំណើរបស់លោក លូ ឌីងហៀង បានធ្វើឡើង ក្នុងជំនួបសំណេះសំណាលការងារជាមួយរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក ចាយ សាំងយុន នៅទីស្តីការក្រសួងការពារជាតិ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ។
លោក លូ ឌីងហៀង បានលើកឡើងក្នុងជំនួបនោះថា បច្ចុប្បន្នរដ្ឋាភិបាល និងកងទ័ពវៀតណាម មានគោលបំណងបញ្ជូនកងកម្លាំងដើម្បីចូលរួមរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិដែរ តែកងទ័ពវៀតណាម ពុំទាន់មានបទពិសោធន៍ ក្នុងការធ្វើនិតិវិធីរៀបចំ និងការត្រៀមបញ្ជូនកម្លាំង និងប្រព័ន្ធរហ័សដូចប្រទេសកម្ពុជានោះឡើយ។
លោក លូ ឌីងហៀង បានថ្លែងដូច្នេះ «កងទ័ពប្រជាជនវៀតណាម បានត្រៀមកងកម្លាំងផ្នែកវិស្វកម្ម និងផ្នែកសុខាភិបាល ដើម្បីចូលរួម ក្នុងការរក្សាសន្តិភាពជូនអង្គការសហប្រជាជាតិផងដែរ ហើយមជ្ឈមណ្ឌលរក្សាសន្តិភាពកងទ័ពប្រជាជនវៀតណាម សូមសំណូមពរ នាយទាហាន នៃកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយបំប៉នកងទ័ពនៅប្រទេសវៀតណាម ឬក៏អាចកងទ័ពវៀតណាមបញ្ជូនកម្លាំង មកបំប៉នជំនាញនេះនៅកម្ពុជាវិញក៏បាន»។
លោក លូ បានបន្តថា វត្តមានរបស់ប្រតិភូរបស់លោកនាពេលនេះ គឺមកធ្វើទស្សនកិច្ច និងសិក្សាដកពិសោធន៍ពីកងកម្លាំងរក្សាសន្តិភាព នៃកងយោធពលខេមរភូមិន្ទ ដែលមានបទពិសោធន៍ និងមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចរក្សាសន្តិភាពជូនអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសនានាកន្លងមក។
តែយ៉ាងណាក៏ដោយ លោក ចាយ សាំងយុន បានលើកឡើងថា ក្រសួងការពារជាតិកម្ពុជា និងវៀតណាម ត្រូវតែជួយគ្នាទៅវិញទៅមកទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោក ចាយ សាំងយុន បានបញ្ជាក់ថា «កងទ័ពវៀតណាមបានរួមចំណែកដ៍ធំធេងក្នុងការកសាងកងយោធពលខេមរភូមិន្ទ តាំងពីដើមរៀងរហូតមក ដោយមិនត្រឹមតែជួយជាស្មារតី និង សម្ភារៈប៉ុណ្ណោះទេ ថែមទាំងជួយបណ្ដុះបណ្ដាលធនធានមនុស្សទៀតផង»។
សូមរំលឹកថា ប្រទេសកម្ពុជាបានបញ្ជូនកងទ័ពក្រោមទង់អង្គការសហប្រជាជាតិ បានជាងបីពាន់នាក់ហើយ ចាប់តំាងពីឆ្នាំ២០០៦មក ហើយនៅខែមេសាខាងមុខនេះ កម្ពុជានឹងបន្តបញ្ជូនកងទ័ពជាងបីរយនាក់ទៀត ទៅកាន់ប្រទេសម៉ាលី បន្ទាប់ពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិនោះ៕