(ព្រះសីហនុ)៖ តំណាងរាស្ត្រ៣រូបនៃគណៈកម្មការទី៩នៃរដ្ឋសភា រួមមានលោក កែប ជុតិមា, លោក តាត វ៉ាន់ថា និង លោក នង វាសនា ជាមួយប្រតិភូក្រសួងរ៉ែ និងថាមពល, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើដំណើរចុះទៅស្វែងយល់ពីសកម្មភាពប៉ូមប្រេង នៅតំបន់ប្លុក A ដែនសមុទ្រកម្ពុជា។
ដំណើរចុះធ្វើទស្សនកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីក្រុមហ៊ុន Krisenergy ។
លោក កែប ជុតិមា បានលើកឡើងថា លោកបានសម្រេចបំណងរបស់ខ្លួនហើយ ដោយបានមកឃើញកំណប់មហាសាលនៃកម្ពុជា ក្នុងសម័យតេជោសែន គឺការបូមប្រេងនេះ។
ចំណែកលោក នង វាសនា វិញបាននិយាយថា ពួកលោកគឺជាតំណាងរាស្ត្រដំបូងគេ ដែលបានទៅដល់ទីតាំងបូមប្រេងកាត របស់កម្ពុជានេះ។ លោកពិតជាមានអារម្មណ៍រីករាយខ្លាំងមែនទែន។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងអំពីដំណឹងដ៏រីករាយ និងជាមោទនភាព សម្រាប់ប្រជាជនកម្ពុជាទាំង គឺដំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានដំណើរការបូមបានដោយជោគជ័យ។ សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់យ៉ាងច្បាស់ៗថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។ ចំណូលថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ការបូមប្រេងពីក្នុងប្លុក A តំបន់អប្សរា កំពុងដំណើរការយ៉ាងរលូន ឈានដល់ការបូមប្រេងចេញអណ្តូងទី២ ខណៈអណ្តូងប្រេងចំនួន៣ទៀត នឹងដំណើរការជាបន្តបន្ទាប់។
អណ្តូងប្រេងកាតទាំង៥ ក្នុងតំបន់អប្សរារំពឹងថា នឹងដំណើរការក្នុងឆ្នាំ២០២១នេះ ហើយត្រូវបានវាយតម្លៃថា ទទួលបានបរិមាណជាង៧ពាន់បារ៉ែល ក្នុង១ថ្ងៃ ដែលចំនួននេះជាបរិមាណតិចតួចនៅឡើយ។ ទោះបីបរិមាណនេះតិចតួចក្តី តែសម្តេចតេជោ លើកឡើងថា ជាការចាប់ផ្តើមមួយដ៏ល្អនៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។
តាមការវាយតម្លៃ បើតម្លៃប្រេងស្ថិតក្នុងតម្លៃ៥៥ដុល្លារក្នុង១បារ៉ែល ចំណូលបានប្រេងក្នុង១ឆ្នាំ បានប្រមាណ៣០លានដុល្លារប៉ុណ្ណោះ។
កម្ពុជាបែងចែកប្លុក ស្វែងរុករកប្រេងកាតជាចំនួន២៥កន្លែង នៅក្នុងដែនសមុទ្រ និងដែនគោក។ ក្នុងនោះដែនសមុទ្រ ៦ប្លុក ដែនគោក ១៩ប្លុក និង៤តំបន់នៅដែនសមុទ្រទាមទារ ត្រួតគ្នារវាងកម្ពុជា-ថៃ៕