(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តក្រចេះ» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមជាវាគ្មិនពី តំណាងរបស់ខេត្តក្រចេះ ដឹកនាំដោយលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត។
សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។
លោក ហឿ ស៊ីយ៉ែម បានលើកឡើងថា ខេត្តក្រចេះ មានប្រជាជនសរុប ៤១៧,៣២១នាក់ ស្មើនឹង៩៤,០៨០គ្រួសារ ក្នុងនោះស្រី២១០,៨៣៧នាក់ មានដងស៊ីតេប្រជាជន ៣៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ មានជនជាតិដើមភាគតិចចំនួន៧ គឺ៖ ភ្នង កួយ ស្ទៀង ក្រោល មិល ថ្មូន និងជនជាតិខោល។
លោកបន្ដថា ប្រជាពលរដ្ឋ៨១ភាគរយ ជាកសិករពឹងផ្អែកទាំងស្រុង លើវិស័យកសិកម្ម ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន និង១៩ភាគរយ ប្រកបមុខរបរជាអាជីវករ សេវាករ សិប្បកម្ម និងមុខរបបផ្សេងៗ ទៀតក្រៅពីកសិកម្ម។ សេដ្ឋកិច្ចខេត្តក្រចេះ មានប្រមាណ ៥៤៧លានដុល្លារ (ស្មើ២.៤ភាគរយ នៃសេដ្ឋកិច្ចជាតិ) ប្រៀបធៀបឆ្នាំ២០១៨ មានកំណើន ៦.៣ភាគរយ ក្នុងនោះប្រជាជនមានចំណូលសម្រាប់មនុស្សម្នាក់ (GDP) ឆ្នាំ២០១៩ ចំនួន១,៣៨១ដុល្លារ កើនជាងឆ្នាំ២០១៨ ដែលប្រជាជនមានចំណូលតែ ១,២៨៤ដុល្លារ កើន៩៧ដុល្លារ។
បើតាមលោកប្រធានក្រុមប្រឹក្សា ក្នុងឆ្នាំ២០២០ នៃអាណត្តិទី៣នេះ ក្រុមប្រឹក្សាខេត្ត បានរៀបចំកិច្ចប្រជុំលើកិច្ចការសំខាន់ៗ ដូចជា ប្រជុំសាមញ្ញកុ្រមប្រឹក្សាប្រចំាខែតាមប្រតិទិនចំនួន ១២លើក និងបានរៀបចំកិច្ចប្រជុំវិសាមញ្ញកុ្រមប្រឹក្សាចំនួន ០៤ លើក ព្រមទាំងបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ទៅតាមក្រុង/ស្រុកទាំង៦ក្នុងខេត្ត មានប្រជាពលរដ្ឋចូលរួមសរុប២,១០៨នាក់ ស្រី៨៤២នាក់។
ជារួមក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តក្រចេះ ដែលមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រួមនឹងការគាំទ្ររបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ដែលដឹកនាំដោយ លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានធ្វើឲ្យខេត្តក្រចេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ក្នុងនោះការងារគ្រប់គ្រងរដ្ឋបាល ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព សាធារណៈ ការងារកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច ការងារផ្ដល់សេវាសាធារណៈ ការងារគ្រប់គ្រងព្រំដែន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអភិវឌ្ឍសមត្ថភាព ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ការអភិវឌ្ឍវិស័យ ឯកជន វិស័យការងារ និងវិស័យបណ្តុះបណ្តាល ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងគ្រោះមហន្តរាយ ការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ ការដោះស្រាយទំនាស់ដីធ្លី ក៏កំពុងត្រូវបានធានា និងមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ៕