(សៀមរាប)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃទី២៥ ខែកុម្ភៈនេះថា មានបញ្ហាជាច្រើន ដែលនាំឲ្យមានបាតុកកម្មនៅតាមរោងចក្រ សហគ្រាសនៅកម្ពុជា ក្នុងនោះមានបញ្ហាលក្ខខណ្ឌការងារ ផលប្រយោជន័កម្មករ ការរំលោភច្បាប់និយោជក ប្រាក់ឈ្នួល ការរើសអើងសហជីព និងសហជីប រួមទាំងការបំផុសញុះញង់កម្មករផ្ទុះការតវ៉ាជាដើម។
ការថ្លែងរបស់លោកពេជ សោភ័ន យ៉ាងដូច្នេះធ្វើឡើងក្នុង ឱកាសដែលលោកចូលរួម ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពង្រឹងសមត្ថភាព ក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម» នៅឯសាលប្រជុំសាលាខេត្តសៀមរាប។
លោកថ្លែងថា «មូលហេតុសំខាន់ៗដែលបង្ករឲ្យកើតមានកូដកម្ម បាតុកម្មនៅតាមរោងចក្រ សហគ្រាស មានដូចជា បញ្ហាលក្ខខណ្ឌការងារ និងផលប្រយោជន៍ពិតប្រាកដរបស់កម្មករ និយោជិត (វិវាទសិទ្ធិ) ការរំលោភច្បាប់របស់និយោជក (វិវាទសិទ្ធិ) ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ (វិវាទប្រយោជន៍) រោងចក្រស៊ីឈ្នួលបន្តតូចៗដួលរលំ និងរោងចក្រឆេះ ការរើសអើងសហជីព ការដណ្ដើមប្រជាប្រិយភាពរវាងសហជីព និងសហជីព យុទ្ធនាការដំឡើងប្រាក់ឈ្នួល ការរៀបចំច្បាប់ស្ដីពីសហជីព និងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការបំផុសញុះញង់កម្មករនិយោជិក ទាមទារបញ្ចប់កិច្ចសន្យា ក្នុងពេលរោងចក្រកំពុងដំណើរការ ជាពិសេសអ្នកនយោបាយធ្វើអាជីវកម្ម»។
លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងទៀតថា នៅក្នុងបរិបទសេដ្ឋកិច្ច នៃសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត អាចនឹងមានកំណើន គឺអាស្រ័យលើផលិតភាពខ្ពស់របស់កម្លាំងពលកម្ម ដែលមានគុណវុឌ្ឍិត្រឹមត្រូវ និងមានសមត្ថភាពផលិតខ្ពស់ ដែលបញ្ហានេះយើងបានធ្វើសកម្មភាពយ៉ាងជាក់ច្បាស់ ក្នុងការឆ្លើយតបទៅនឹងកលយុគ ក៏ដូចជាការបោះជំហានឈានទៅមុខក្នុងការដោះស្រាយសម្រាលបន្ទុកនៃហានិភ័យ និងភាពមិនប្រាកដប្រជាមួយចំនួន ។
លោកបន្ដទៀតថា ទោះបីក្នុងដំណាក់កាលដ៏លំបាក ដែលយើងត្រូវប្រឈមហានិភ័យជាច្រើនប្រភេទក្ដី ក៏ជំហាននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានធ្វើឡើងដោយឈរលើទស្សនវិជ្ជា នៃការក្ដាប់ជីបចរសេដ្ឋកិច្ច និងកិច្ចការចាំបាច់ជាច្រើនទៀត ផងដែរ។ ផ្អែកលើបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដោយផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ ពង្រឹងសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឲ្យសមស្របតាមតម្រូវការទីផ្សារការងារ ។
លោកបណ្ឌិតបញ្ជាក់ថា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចិរភាព ធ្វើឲ្យកម្ពុជា បានឈានដល់ដំណាក់កាលនៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម ព្រមទាំងកំពុងឈានទៅសម្រេចឋានៈប្រទេសដែលមានកម្រិតចំណូលមធ្យមនាពេលដ៏ខ្លីខាងមុខ ស្របនឹងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ដែលមានភាពប្រទាក់ក្រឡាគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក ព្រមទាំងយកប្រយោជន៍ពីសក្កានុពល នៃគោលនយោបាយជាតិអភិវឌ្ឍវិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យជម្រុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចនៅកម្ពុជា៕