(ភ្នំពេញ)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំង ចំពោះការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ព្រោះមើលឃើញថា ឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ អាចបើកផ្លូវដ៏ធំ ចំពោះវិស័យកសិកម្ម នៅកម្ពុជា។

ការលើកឡើងបែបនេះ របស់លោក កៅ ថាច ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រវិស័យបន្លែផ្លែឈើ»

លោកអគ្គនាយក ARDB បានបញ្ជាក់ថា «សម្រាប់បន្លែ ផ្លែឈើ គឺវាមានលក្ខណៈខុសប្លែកពីគ្នា ទៅតាមតំបន់អាស៊ីយើងអាចផលិតបាន Asiatic Fruit ដែលជាឱកាសមួយដែលអាចនាំចេញទៅក្រៅប្រទេសបាន ពិសេសទៅប្រទេសដែលយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ»

លោកបានបញ្ជាក់ទៀតថា «ការផលិតដែលមានសារៈសំខាន់នោះ គឺយើងត្រូវផលិតយ៉ាងម៉េចឲ្យត្រូវទៅតាមស្ដង់ដារនាំចេញ, គោលការណ៍ភូតគាមអនាម័យរបស់ប្រទេសនីមួយៗ។ ចំពោះការនាំចេញដែលមិនបានបំពេញតាមភូតគាមអនាម័យ (SPS) គឺគេមិនឲ្យធ្វើការនាំចូលទៅកាន់ប្រទេសគេនោះទេ ដូច្នេះត្រូវមានការបញ្ជាក់ពីក្រសួងកសិកម្ម ហើយក្រសួងក៏ត្រូវតែធ្វើការងារបន្ទា ន់លើការចុះបញ្ជីលើបញ្ហា SPS នេះ»

លោកបានឲ្យដឹងថា ការបំពេញតាមភូតគាមអនាម័យ គឺសំខាន់ដែលអាចឲ្យការនាំចូលទៅប្រទេសគេបាន ហើយប្រសិនបើមិនមានការបំពេញត្រឹមត្រូវ តាមភូតគាមអនាម័យនោះទេ គឺគេនឹងដាក់វិធានការធ្វើទៅតាមច្បាប់ពាណិជ្ជកម្មពិភពលោក WTO ព្រោះវាពាក់ព័ន្ធទៅនឹង SPS ច្រើនជាងគេ។

លោកឲ្យដឹងទៀតថា ចំណែកពន្ធគយវិញគេអាចឲ្យនាំចេញទៅបានដោយគេមិនគិតពន្ធនោះទេ តែប្រសិនបើការនាំចេញទៅគេគ្មាន SPS ត្រឹមត្រូវ ឧទាហរណ៍ការដាំដុះប្រើជីច្រើន ប្រើគីមីច្រើន នៅពេលដែលយកចូលប្រទេសគេទៅ គេរកឃើញថា ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋប្រទេសគេ គឺគេមិនឲ្យយកចូលទៅប្រទេសគេនោះទេ។

លោកបន្តថា មួយវិញទៀតប្រសិនបើការនាំចូលនេះ មានដូចជាសត្វល្អិត សមាសភាពចង្រៃនៅក្នុងបន្លែផ្លែឈើទាំងអស់នោះ គឺគេក៏មិនឲ្យនាំចូលទៅដែរ ដូច្នេះត្រូវតែពង្រឹងលើបញ្ហានេះទាំងអស់គ្នា ទាំងកសិករ ទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យការនាំចេញមានលទ្ធភាព ព្រោះទ្វារសម្រាប់ទទួល គឺមានហើយ ហើយបើការនាំចេញមិនអាចនាំចេញទៅបានឲ្យគេប្រើប្រាស់នោះ វាជាបញ្ហាមួយមិនល្អនោះទេ។

លោកបានរំលឹកថា នាពេលកន្លងមកឃើញថា រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំង ចំពោះការចរចាជាមួយបណ្ដាលប្រទេសខាងក្រៅ លើកិច្ចព្រមព្រៀង FTA ព្រោះការចរចា FTA មួយៗមិនងាយស្រួលនោះទេ ហើយប្រើពេលយូរទៅទៀតទម្រាំទទួលបាន ប៉ុនតែបើធ្វើសច្ចាប័ន និងចាប់ផ្ដើមអនុវត្ត FTA ហើយ ស្រាប់តែមានការនាំចេញ តែនាំចេញទៅគេមិនរួច ព្រោះមិនមាន SPS មិនមានការចុះបញ្ជីបញ្ជាក់ថា ផលិតផលនោះមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋគេ ដូច្នេះគេមិនឲ្យនាំចូលនោះទេ។

លោកបានផ្ដាំផ្ញើថា អ្នកដាំដុះ ឬអ្នកចិញ្ចឹម ត្រូវគិតពីសុខភាពរបស់ប្រជាពលរដ្ឋ របស់មនុស្ស ការណាមានការគិតគូរពីបញ្ហានេះហើយ នោះនឹងមានការប្រើប្រាស់ជី ថ្នាំកសិកម្ម ទៅតាមការកំណត់ និងគោរពតាមភូតគាមអនាម័យ នោះលោកជឿថា មិនខ្វះទីផ្សារសម្រាប់កិច្ចការនេះទេ ហើយត្រូវ ធ្វើកិច្ចការទៅតាមផែនការដាំដុះ ចាប់ផ្ដើមពង្រឹងខ្លួនសម្រាប់ធ្វើឯកទេសកម្ម រើសមុខដំណាំតែមួយមុខ ឬពីមុខ ដើម្បីឲ្យមានភាពច្បាស់លាស់ក្នុងការផ្គត់ផ្គង់៕