(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងជួបគ្នាដើម្បីពិភាក្សាពិនិត្យកែសម្រួលអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។

បើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការពិនិត្យ និងកែសម្រួលអនុក្រឹត្យនេះ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។

ការជួបពិភាក្សាពិនិត្យ និងកែសម្រួលលើអនុក្រឹត្យខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងបំណងបន្ថែមទម្ងន់កម្រិតនៃការដាក់ទណ្ឌកម្ម ឬពិន័យលើអ្នកគេចពីការធ្វើចត្តាឡីស័កឱ្យបានធ្ងន់ធ្ងរ ខណៈអនុក្រឹត្យចាស់កម្រិតទណ្ឌកម្ម និងពិន័យមានចំនួនតិចតួច។

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ បានស្នើឱ្យមានការពិនិត្យ និងកែសម្រួលឡើងវិញនូវមាត្រា៨ នៃជំពូកទី៥ ក្នុង «អនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល»។

សម្តេចតេជោ បានលើកឡើងថា កម្រិតទណ្ឌកម្ម និងការពិន័យ មានចែងក្នុងមាត្រា៨ នៅមានកម្រិតតិចតួច ដែលអាចធ្វើឱ្យអ្នកមានធនធានមិនខ្លាចរអា ហើយនៅតែបំពានលើអនុក្រឹត្យនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើយ៉ាងដូច្នេះ «ពិន័យនេះគឺវាជាវិធានការស្រាលណាស់ ប្រសិនបើមានបញ្ហាកើតឡើងពាក់ព័ន្ធទៅនឹងជំងឺឆ្លង ក៏ប៉ុន្តែយើងចាត់ទុកថា រឿងនេះ គឺតម្រូវចៀសវាងមិនបាន។ ខ្ញុំគិតថា ស្នើសុំរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាចធ្វើការកែតម្រូវ ធ្វើវិសោធនកម្មមាត្រា៨ឡើងវិញ ដោយបង្កើនចំនួនការពិន័យនេះឱ្យមានការកើនឡើង ព្រោះថាការពិន័យតិចតួចយ៉ាងនេះ គឺអាចធ្វើឱ្យអ្នកមានប្រាក់ចំណូលច្រើនគួរសមនោះមិនខ្លាចជាមួយការបង់ប្រាក់នោះទេ ហើយសុំឱ្យពិនិត្យទៅលើបញ្ហាដទៃទៀតជាមួយក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ហើយនឹងក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្ម ឬក៏រៀបចំអនុក្រឹត្យស្តីអំពីចត្តាឡីស័ក អំពីវិធានការសុខាភិបាល ដែលយើងបានមានរួចមកហើយនេះ។ ប៉ុន្តែពង្រឹងចំណុចទាក់ទិនជាមួយបញ្ហាការធ្វើចត្តាឡីស័កបន្ថែមទៀត ដើម្បីធានាថា យើងអនុវត្តន៍ទៅគឺមានប្រសិទ្ធភាព»

សូមបញ្ជាក់ថា អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដែលបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ជំពូកទី៥ ស្តីពីទណ្ឌកម្ម ក្នុងមាត្រា៨ បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណាដែលគេចវេសមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តន៍វិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ១លានរៀល ទៅតាមទំហំនៃបទល្មើស និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។

ក្នុងមាត្រានេះ បានចែងទៀតថា ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេសពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕