(ភ្នំពេញ)៖ ឆ្លើយតបការរិះគន់មួយចំនួនពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច នាំឲ្យមានការកាប់ព្រៃឈើនោះ សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា បើសិនមិនកាប់ព្រៃឈើល្អិតល្អោចទេ មិនអាចដាំកៅស៊ូកើតនោះឡើយ ហើយការកាប់ព្រៃឈើ ដើម្បីប្រែក្លាយផ្ទៃដី ទៅជាដំណាំឧស្សាហកម្មនេះ មិនមែនមានតែកម្ពុជានោះទេ ប្រទេសម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ក៏បានធ្វើដូច្នេះផងដែរ។
សម្តេចតេជោ បានថ្លែងក្នុងឱកាសអញ្ជើញសម្ពោធ «អគារមរតកតេជោ» នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះថា «ហេតុអ្វីខ្ញុំនិយាយថា ឈឺ ចាប់! បើយើងមិនកាប់អាព្រៃល្អិតល្អោចហ្នឹងទេ ធ្វើម៉េចដាំកៅស៊ូកើត។ ដល់អាយើងកាប់ហ្នឹងហើយជាពេលវេលាគេឃោសនាវាយ ប្រហារ»។
សម្តេចតេជោ បានលើកជាឧទាហរណ៍ថា ប្រទេសម៉ាឡេស៊ី បើមិនកាប់ព្រៃទេ គេមិនអាចដាំដូងប្រេង និងកៅស៊ូ បាននោះទេ។ សម្តេចនាយករដ្ឋមន្រ្តី នូវបានបញ្ជាក់ទៀតថា ការកាប់ឈើ ដើម្បីប្រែក្លាយផ្ទៃដីជាដំណាឧស្សាហកម្មនេះ មិនមែនមានតែកម្ពុជា នៅប្រទេសថៃ និងឥណ្ឌូនេស៊ី ក៏បានធ្វើដូច្នេះផងដែរ។
ទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីរំពឹងទុកថា នៅដំណាំកៅស៊ូ និងដំណាំផ្សេងៗលូតលាស់ធំឡើង វា នឹងក្លាយជាគម្របព្រៃឈើ ហើយផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់កម្ពុជាផងដែរ។ «ខ្ញុំសង្ឃឹមថា នៅពេលខាងមុខ ពេលដំណាំកៅស៊ូ ឬដំនាំផ្សេងៗវាងើបឡើង វានឹងក្លាយទៅជាគម្របព្រៃឈើថ្មី ដែលផ្តល់ផលប្រយោជន៍ដល់យើងជាគម្របព្រៃឈើផង និងជាផលប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចផង»។
នៅក្នុងព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការធ្វើកំណែទម្រង់ទៅលើការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចផងដែរ។ សម្តេចតេជោ បានឲ្យដឹងថា ក្នុងរយៈពេលប្រមាណជា ១ឆ្នាំកន្លងមកនេះ ដីសម្បទានសេដ្ឋកិច្ច ជាង ២លានហិកតា ត្រូវបានពិនិត្យ រួចរាល់ ហើយដីប្រមាណ ១លាន ៩ម៉ឺនហិកតា ដែលមានការដាំដុះរួចរាល់នោះ ត្រូវបានរក្សាទុកឲ្យវិនិយោគបន្ត ហើយផ្ទៃដីជិត ១លានហិកតា ត្រូវបានដកហូតមកវិញ ទុកធ្វើជាដីសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋ៕