Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកម្លាំងប្រដាប់អាវុធបានជិត ៥ពាន់នាក់

15-02-2021 22:19

(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូហ្វាម ជូនកងកម្លាំងបាន ៤,៩៦៩នាក់ហើយ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយក Fresh News នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ មេទ័ពកំពូលរបស់ជាតិ នាយទាហាន នាយទាហានរង ក៏ដូចជាពលទាហាន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានចូលទៅចាក់វ៉ាក់សាំងកូវីដ១៩នេះ។

សូមបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងកូវីដ១៩ ជំហានដំបូង ៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ដែលបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងមួយចំនួនរួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ។ ដោយឡែកសម្រាប់ផ្នែកកងទ័ព គឺចាក់នៅមន្ទីរពេទ្យកេតុមាលា និងចាក់នៅតាមបណ្តាអង្គភាពនិមួយៗជាច្រើនកន្លែងទៀតនាពេលខាងមុខ៕