(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តដាក់ចេញវិធានការតឹងរ៉ឹងមួយចំនួនបន្ថែមទៀត ស្របជាមួយនឹងការរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មីចំនួន៣ករណី ដែលជាករណីនាំចូល។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការដាក់ចេញវិធានការទាំងនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល ដោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ ហាក់ភ្លេចខ្លួនអំពីហានិភ័យដ៏ធំធេងនៃការចម្លងវីរុសក្ខវីដ-១៩ ជាពិសេសនៅក្នុងបរិបទនៃការបំប្លែងខ្លួនជាបន្តបន្ទាប់ របស់វីរុសដ៏កាចសាហាវនេះ ដោយមានការជួបជុំគ្នាច្រើន កុះករនៅក្នុងពិធីជប់លៀង ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យទានផ្សេងៗ និងការធ្វើដំណើរកម្សាន្តទៅកាន់ស្រុក កំណើត ឬទីរមណីយដ្ឋាននានា ដោយមិនបានអនុវត្ត តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដែលបានធ្វើជារឿយៗ។

ករណីនេះ បានជំរុញឱ្យធ្វើការក្រើនរំលឹកសាជាថ្មីម្ដងទៀត ដោយបញ្ជាក់ថា វីរុសកូវីដ-១៩ ជាពិសេសវីរុសបាន និងកំពុងតែបំប្លែងខ្លួនថ្មីជាច្រើនប្រភេទ កំពុងតែចរាចរបន្តរាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លាដែលពលរដ្ឋខ្មែរ មិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរបណ្ដាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សនោះឡើយ ហើយសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅ ក្នុងប្រទេសកម្ពុជា គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវនោះទេ។

ដើម្បីទប់ស្កាត់នូវការចម្លងជំងឺកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ដែល មានដូចខាងក្រោម៖

* ត្រូវអនុវត្ត វិធានការ បីការពារជាប់ជាប្រចាំ៖

១៖ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។
២៖ ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។
៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

* ត្រូវអនុវត្តវិធានការ ៣កុំ៖

១៖ កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក (Avoid crowded places)។
២៖ កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក (Avoid close settings)។
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម (Avoid close contacts) និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ (Social and individual distancing)។

ក្រៅពីជំរុញប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យខ្លាំងក្លាថែមទៀត ក្រសួងសុខាភិបាលកម្ពុជាក៏បានស្នើដល់ អាជ្ញាធរថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត ស្រុក ក្រុង ខ័ណ្ឌ រដ្ឋបាលឃុំ/សង្កាត់) ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តវិធានការការពារនៅតាមតំបន់របស់ខ្លួន ជាពិសេសនៅតាមទីផ្សារ រមណីយដ្ឋាន ភោជនីយដ្ឋាន ទីកន្លែងសាធារណ: ឱ្យបានម៉ត់ចត់ដើម្បីចៀសផុតពីការឆ្លងជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា ដោយអនុវត្តន៍តាមការណែនាំដូចខាងក្រោមនេះ៖

១៖ ត្រូវបង្កើនការយកចិត្តទុកដាក់ និងចាត់កម្លាំងមានសមត្ថកិច្ច ធ្វើការយាមកាម និងត្រួតពិនិត្យឱ្យបានម៉ត់ចត់ជាទី បំផុត នូវការអនុវត្តវិធានការចត្តាឡីស័កចំនួន១៤ថ្ងៃ សម្រាប់គ្រប់អ្នកដំណើរមកពីក្រៅប្រទេស នៅតាមច្រកចូលមក កម្ពុជា នៅតាមព្រំដែននានានៅទូទាំងប្រទេស (ទាំងច្រកអាកាស ច្រកជើងគោក និងច្រកជើងទឹក)។

២៖ អាជ្ញាធរមានសមត្ថកិច្ច ដែលមានភារកិច្ចឈរជើងនៅតាមច្រកចូលមកកម្ពុជាទាំងអស់ ត្រូវអនុវត្តការត្រួតពិនិត្យអ្នកដំណើរចូលមកកម្ពុជា ឱ្យបានម៉ឺងម៉ាត់ច្បាស់លាស់ ដោយមិនអនុញ្ញាតឱ្យមាន «មេខ្យល់» នាំអ្នក ដំណើរគេចវេះចាកចេញពីច្រកចូលណាមួយ ដោយមិនបានធ្វើចត្តាឡីស័កនោះឡើយ។

៣៖ ត្រូវមានការអប់រំជាប្រចាំ ដោយដាក់មេក្រូ ផ្សាយអំពីតម្រូវការនៃការធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ សម្រាប់អ្នក ដំណើរដែលចូលមក កម្ពុជា និងផ្សព្វផ្សាយពីទោសទណ្ឌ ដែលមានចែងនៅក្នុងអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ដែលនឹងត្រូវអនុវត្តជាចាំបាច់ នៅពេលដែលមានបុគ្គលណាមិនអនុវត្តតាមវិធានការសុខាភិបាលនៅតាមច្រកចូលនេះ។

៤៖ ត្រូវស្វែងរកឱ្យឃើញ នូវ «មេខ្យល់» នេះ ប្រសិនបើមានការរបូតអ្នកដំណើរណាម្នាក់ ឬក្រុមអ្នកដំណើរ ចូលមកក្នុងប្រទេស នូវអ្នកដំណើរដែលមិនបានធ្វើបត្តាឡីស័កគ្រប់ចំនួន ១៤ថ្ងៃ នៅតាមខេត្ត ឬស្រុក ដែលមានច្រក ចូលមកកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដែលមានជាធរមាន។

៥៖ ប្រសិនបើមានព័ត៌មានអំពីអ្នកដំណើរណាម្នាក់ ឬក្រុមអ្នកដំណើរ ដែលមិនបានធ្វើចត្តាឡីស័កនៅតាមខេត្ត ឬស្រុក ដែលមានច្រកចូលមកកម្ពុជា មកដល់ខេត្ត ស្រុក សង្កាត់ ឃុំ ភូមិណាមួយ សូមអាជ្ញាធរខេត្ត ស្រុក សង្កាត់ ឃុំ ភូមិនោះ ត្រូវរាយការណ៍ជាបន្ទាន់ជូនគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅខេត្តនោះ និង រាយការណ៍ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយត្រូវតែចាត់ចែងដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័ក ឱ្យបានគ្រប់ចំនួន ១៤ថ្ងៃ នៅហ្នឹងកន្លែង ទៅតាមការរៀបចំរបស់អាជ្ញាធរខេត្តនោះជាបន្ទាន់ និងត្រូវយកវត្ថុ សំណាកពួកគាត់ ដោយក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តនោះ ដើម្បីធ្វើវិភាគ ឱ្យបាន រហ័សផងដែរ។

៦៖ ត្រូវតាមដានសុខភាពអ្នកដំណើរដែលធ្វើចត្តាឡីស័ក ដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទៅតាមនិយមប្រតិបត្តិបច្ចេកទេស និងកត់ត្រាត្រឹមត្រូវ ។

៧៖ អ្នកដំណើរដែលបានរកឃើញថា មិនបានធ្វើចត្តាឡីស័កនៅតាមខេត្ត ឬស្រុកដែលមានច្រកចូលមកកម្ពុជានោះ ត្រូវរៀបចំឱ្យមានការសាកសួរព័ត៌មានដ៏ល្អិតល្អន់ជាទីបំផុត (ដោយមិនត្រូវមានការលាក់លៀម) នូវមូលហេតុនៃការ មិនបានធ្វើចត្តាឡីស័កនៅតាមទីកន្លែងដែលមានច្រកចូលមកកម្ពុជា បុគ្គលណាដែលជាអ្នកនាំផ្លូវឱ្យគេចវេះពី ការធ្វើចត្តាឡីស័ក មធ្យោបាយធ្វើដំណើរ ចេញដំណើរពីកន្លែងណា និងឈប់នៅកន្លែងណាខ្លះ ហើយមានប្រាស្រ័យទាក់ទងជាមួយបុគ្គលណាខ្លះនៅតាមផ្លូវដែលខ្លួនធ្វើដំណើរ ការធ្វើដំណើរមានរយៈពេលប៉ុន្មានម៉ោងប៉ុន្មានថ្ងៃ ពេលដែលមកដល់ផ្ទះ ឬកន្លែងដែលបុគ្គលនោះកំពុងតែស្នាក់នៅ មានប៉ះពាល់ជាមួយអ្នកណាខ្លះជាដើម។ ត្រូវកត់ត្រាទុកនូវព័ត៌មានទាំងនេះ ឱ្យបានត្រឹមត្រូវ ដោយត្រូវមានទាំងអាសយដ្ឋាន និងលេខទូរសព្ទទំនាក់ទំនង របស់ បុគ្គលម្នាក់ៗដែលបានជួប ឬប៉ះពាល់ជាមួយអ្នកដំណើរដែលមិនបានធ្វើចត្តាឡីស័កនៅទីកន្លែងដែលមានច្រកចូលមកកម្ពុជានេះ ជាចាំបាច់។ ត្រូវរាយការណ៍នូវព័ត៌មានទាំងនេះ មកមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលអ្នក ដំណើរនោះកំពុងស្នាក់នៅ ដើម្បីប្រមូលផ្តុំនូវព័ត៌មានទាំងនេះ ប្រសិនបើមានតម្រូវការធ្វើការរុករកស្រាវជ្រាវនៅ ពេលដែលអ្នកដំណើររូបនោះ មានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩។

៨៖ ការដាក់អ្នកដំណើរដែលមិនទាន់បានធ្វើចត្តាឡីស័ក ឱ្យស្នាក់នៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមទីតាំង ដូចបានជម្រាបជូនខាងលើនីតិវិធី ការគ្រប់គ្រង និងការផ្គត់ផ្គង់ភ័ស្តុភារ ជូនដល់អ្នកធ្វើចត្តាឡីស័កនៅតាម ទីតាំងនីមួយៗ គឺធ្វើឡើងដោយអាជ្ញាថ្នាក់ក្រោមជាតិ រីឯក្រុមគ្រូពេទ្យ ត្រូវទទួលបន្ទុកការងារតាមដានសុខភាព របស់អ្នកធ្វើចត្តាឡីស័ក ទៅតាមនីតិប្រតិបត្តិបច្ចេកទេសសុខាភិបាលត្រឹមត្រូវ ហើយរាយការណ៍នូវរាល់បាតុ ភាពសុខភាព ជូនអាជ្ញាធរខេត្ត និងជូនក្រសួងសុខាភិបាល ឱ្យបានឆាប់ដែលអាចធ្វើទៅបាន ដើម្បីអាចទទួល បានជួយគាំទ្របច្ចេកទេសសមស្របបានទាន់ពេលវេលា។

៩៖ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់ ឃុំ ភូមិ សូមចូលរួមរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចូលរួមទប់ ស្កាត់ការចម្លងវីរុសកូវីដ-១៩ មកបុគ្គល មកក្រុមគ្រួសារខ្លួន និងកុំឱ្យមានការចម្លងនៅក្នុងសហគមន៍របស់ខ្លួន៕