(ភ្នំពេញ)៖ បុរសស្ស័យម្នាក់ ដែលធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនរយៈពេលជាង១០ឆ្នាំ ដោយចោទពីបទហិង្សាដោយចេតនា កាប់មនុស្សឲ្យរបួសធ្ងន់កាលពីអំឡុង ឆ្នាំ២០០៥ និងទើបតែចេញពីពន្ធនាគារ បានជាង១០ថ្ងៃនោះ បានមករកស៊ីជួញដូរគ្រឿងញៀន ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ចាប់ខ្លួននៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវបេតុងក្រុម៨ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ម៉ៅ សុខថា អាយុ៣០ឆ្នាំ មានមុខរបរនិង ស្នាក់នៅមិនពិតប្រាកដ។ លោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្រោយពីមានបញ្ជាពីអធិការនគរបាលខណ្ឌឫស្សីកែវ ភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌ រួមសហការ និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ក្រោមការដឹកនាំកម្លាំងផ្ទាល់ពីអធិការរង ទទួលផែនព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បើកប្រតិបត្តិការបង្ក្រាបជាក់ស្ដែងភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញសារធាតុញៀន ជាប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូច។ នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់ថុន បានបន្តថា ជនពាក់ព័ន្ធគ្រឿងញៀនរួមនិងវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួនសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តកសាងសំនុំរឿងបញ្ជូនខ្លួនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕