(បាត់ដំបង)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ និងដាក់ចេញបទបញ្ជាថ្មីដោយ បានហាមដាច់ខាតបញ្ឈប់ជាបន្ទាន់ មិនអនុញ្ញាតឲ្យរថយន្តតូចៗ ចេញចូល ដឹកឥវ៉ាន់ និងទំនិញពីផ្សារថៃ តាមច្រកព្រំដែនអន្តរជាតិដូង ឬច្រកឡែម ស្រុកកំរៀង ចូលមកកម្ពុជាមួយរយៈសិន។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្នុងខែកុម្ភ: ឆ្នាំ២០២១នេះ ដោយរង់ចាំបទបញ្ជាថ្មី។

ការសម្រេចបែបនេះ បានធ្វើឡើងក្រោយមានរឿងមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធការលួចនាំមនុស្សឆ្លងដែនខុសច្បាប់តាមច្រកព្រំដែនមួយនេះ រហូតអធិការនគរបាលស្រុកកំរៀង លោក គឹម ពន្លក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ រហូតចាត់វិធានការតាមផ្លូវតុលាការទៀត ដោយសារតែបានដោះលែងមេខ្យល់។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង តំណាងលោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមដំណើរដោយលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបន្ទាន់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានវត្តមានចូលរួមពីអាជ្ញាធរស្រុកទាំង៣ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ដែល ទទួលខុសត្រូវនតាមបណ្តាច្រកសំខាន់ៗក្នុងខេត្តបាត់ដំបង ជាពិសេសច្រកអន្តរជាតិដូងនៃស្រុកំរៀង។

បន្ទាប់ពីបានពិនិត្យឃើញផ្ទាល់ពីស្ថានភាពនេះ លោក សឿម ប៊ុនរិទ្ធ បានដាក់ចេញវិធានការដើម្បីរឹតបន្តឹងពីការទប់ស្កាត់ក្នុងការលុបបំបាត់លំហូរបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ តាមច្រករបៀង និងច្រកនានាឆ្លងអូរព្រំដែន និងការលេចចេញបាតុភាពអសកម្មលើករណីការឃុបឃិតក្នុងការលាក់បំពួនពលករ ដឹកតាមរថយន្តតូចៗមួយចំនួន ដែលមួយមេខ្យល់លួចដឹកពលករឆ្លងចូលតាមច្រកនានា ដោយបង្វែងដានគេចវេសពីការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបកស័ក្តិ និងបណ្តាញវរសេនីយ៍ឯក គឹម ពន្លក ចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ក្រោយក្រុមស្រាវជ្រាវរកឃើញថា អធិការនគរបាលស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលទឹកដីកម្ពុជាពិតមែន។

ក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ជាការព្រមានដល់ជនទាំងឡាយផ្សេងទៀតកុំឲ្យប្រព្រឹត្តទង្វើបែបនេះ។

យោងតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ, លោក គឹម ពន្លក ពិតជាបានទទួលស្គាល់ថា ខ្លួនពិតជាបានទទួលមុខសញ្ញាមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ពីកម្លាំង វរៈការពារព្រំដែន៨១៩ គឺករណីទីមួយ ជាមុខសញ្ញាផ្តល់ជំរកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជា ទៅថៃ និងករណីទីពីរ ជាមុខសញ្ញាពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័កប្រាកដមែន។

កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ក្រោយរកឃើញកំហុសដ៏ធ្ងន់ធ្ងរ បែបនេះ។

សម្រាប់ពលករជាង១០នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ តាមច្រកទ្វារមួយនេះដោយសារមេខ្យល់ទាំងនោះ ត្រូវបានអាជ្ញាធរខេត្តតាកែវ យកទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយទីរួមខេត្ត និងធ្វើតេស្តរកកូវីដ១៩ ផងដែរ៕