(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា «សកម្មភាពនៃការបំបួសដើមឈើ នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងការតស៊ូខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ជាមន្ត្រីរាជការ ព្រះសង្ឃ ប្រជាសហគមន៍ អាជ្ញាធរដែនដី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើសត្វព្រៃ ដែលប្រទេសកម្ពុជាយើងមាន»។

កម្មវិធីបោះជំរុំក្រោមប្រធានបទ «យើងស្រឡាញ់ព្រៃឡង់» ឆ្នាំ២០២១ នេះគឺជាលើកទី៣ ហើយដែលក្រសួងបរិស្ថានបានរៀបចំ ឡើងដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធនានា។

លោក នេត្រ ភក្ត្រា បានថ្លែងថា កម្មវិធីបោះជំរុំតង់ ១៤កុម្ភៈ ដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណង

ទី១៖ បង្ហាញក្តីស្រឡាញ់ ចំពោះធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាននៅដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជាតំបន់អភិរក្សផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា

ទី២៖ ផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ

ទី៣៖ បំផុសគំនិត និងស្មារតីដល់ប្រជាជនជាពិសេស ក្នុងស្រទាប់យុវវ័យឱ្យស្រឡាញ់ និងចូលរួមអភិរក្សធនធានធម្មជាតិ

ទី៤៖ បង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាការពារ អភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីនេះរួមនឹងការផ្សព្វផ្សាយពីសារផ្សេងទាក់ទងនឹងធនធានធម្មជាតិ ក្រសួងបរិស្ថានជឿជាក់ថា នឹងចូលរួមបណ្តុះស្មារតីពលរដ្ឋខ្មែរ ឱ្យកាន់តែស្រឡាញ់ធនធានធម្មជាតិ និងចូលរួមកាន់តែសកម្មថែមទៀត ដើម្បីអភិរក្សព្រៃឈើសត្វព្រៃ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ប្រជាលរដ្ឋគ្រប់ៗរូបអាចចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលពេលខ្លះ គ្រាន់តែបងប្អូនសន្សំសំចៃទឹក សន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសី ការមិនបរិភោគសាច់សត្វព្រៃ ការចូលរួមដាំដើម ទាំងនេះសុទ្ធតែជាការគោរព និងស្រឡាញ់ធនធានធម្មជាតិទាំងអស់។

លោក នេត្រ ភក្ត្រា បានថ្លែងថា ពិធីបំបួសដើមឈើធ្វើឡើងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ពិតមែន តែវាពិតជាមានអត្ថន័យដ៏ជ្រៀលជ្រៅសម្រាប់ ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមថែរក្សាធនធានធម្មជាតិ ហើយកម្ពុជាមិនមែនមានតែដែនជម្រកសត្វព្រៃឡង់តែមួយ ដែលត្រូវការពារ និងអភិរក្សឡើយ គឺកម្ពុជាមានផ្ទៃដីដែលត្រូវបានដាក់ជាតំបន់អភិរក្សទំហំ ៧.៣លានហិកតាដែលបានចែកជា ៧០តំបន់ក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារទេសភាព និងរបៀងអភិរក្សជីវៈចម្រុះជាដើម។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងបានតាំងចិត្តខ្ពស់ ក្នុងការពារតំបន់ការពារធម្មជាតិទាំងនេះ រហូតទទួលបាននូវការកោតសរសើរ ជាអន្តរជាតិលើការរៀបចំតំបន់អភិរក្ស និងការលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដឹកនាំរៀបចំកម្មវិធីបោះជំរុំរយៈពេល២ថ្ងៃ ក្រោមប្រធានបទ «យើងស្រេឡាញ់ព្រៃឡង់» នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ មានការអ្នកចូលរួមប្រមាណជាង ៣០០នាក់ មកពីគ្រប់មជ្ឈដ្ឋានរួមមានមន្ត្រីរាជការក្រសួងបរិស្ថាន និងមកពីក្រសួងស្ថាប័នរដ្ឋផ្សេងទៀត អាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាញសហគមន៍តំបន់ ព្រះសង្ឃ យុវជន ប្រជាសហគមន៍ និងអ្នកសារព័ត៌មាន។

កម្មវិធីបោះជំរុំរយៈពេល ២ថ្ងៃនេះ នៅទីស្នាក់ការគម្ពោតគយក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តក្រចេះនឹងមានធ្វើសកម្ម ភាពជាច្រើនក្នុងនោះមានការបង្ហាញពីវិធីសាស្ត្រ នៃការចុះល្បាតព្រៃ ពិធីសាសនាបំបួសដើមឈើ ការជួបពិភាក្សាជាមួយនឹងសហគមន៍ ដើម្បីស្វែងយល់ពីជីវភាព និងការចូលរួមទទួលខុសត្រូវរបស់ពួកគាត់ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងដំណើរទស្សនកិច្ចសិក្សា ទៅកាន់ចម្ការឈើដាំរបស់ក្រុមហ៊ុន ស៊ីងបាយ អូថេក ដែលនៅទីនោះអ្នកជំនាញរបស់ក្រុមហ៊ុននឹងធ្វើបទបង្ហាញពី ការបណ្តុះកូនឈើតាមបែបវិទ្យាសាស្រ្ត ដើម្បីផ្គត់ផ្គត់តម្រូវការកូនឈើដាំរាប់លានដើម ក្នុងមួយឆ្នាំ និងទស្សនាចម្ការឈើដាំរាប់ពាន់ហិកតា ដែលបានដាំរួច និងកំពុងលូតលាស់ ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកឧស្សាហកម្មចម្ការឈើដាំ ដល់អ្នកចូលរួមបានយល់ដឹង។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ត្រូវបានរាជរដ្ឋាភិបាលបង្កើត ឡើងតាំងពីឆ្នាំ២០១៦ ហើយស្ថិតក្រោមការគ្រប់គ្រង អភិរក្សរបស់ក្រសួងបរិស្ថាន។ ព្រៃឡង់ មានផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា និងមានភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តក្រចេះ។

កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់តំបន់ការពារធម្មជាតិចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ ចូលរួមសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់៕