(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានស្នើសុំពលករខ្មែរទាំងអស់ ដែលកំពុងនៅប្រទេសថៃ កុំឱ្យលួចឆ្លងដែនមកកម្ពុជា ដោយមិនធ្វើចត្តាឡីស័កឲ្យសោះ ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបង្កហានិភ័យនៃការចម្លងចូលក្នុងសហគមន៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចេញសេចក្តីប្រកាសព័ត៌មានស្នើសុំបែបនេះ ធ្វើឡើងដោយយោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងការផាកពិន័យលើពលករខ្មែរ ដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានការសុខាភិបាល។

តាមសេចក្តីប្រកាសព័ត៌មានដដែល, ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបង្ហាញ ៤ចំណុចដល់ពលករខ្មែរនៅប្រទេសថៃ រួមមាន៖

* មិនត្រូវលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសកម្ពុជា ដែលប្រឈមនឹងហានិភ័យខ្ពស់ចំពោះអាយុជីវិតបងប្អូនផ្ទាល់ និងអាចនាំជំងឺឆ្លងចូលទៅក្នុងប្រទេសកម្ពុជាផង។

* ត្រូវអនុវត្តការធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត បើមានការចាំបាច់ចូលប្រទេសកម្ពុជា។ ករណីគេចវេះមិនធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យជាប្រាក់ ១ លានរៀល ឬលើសពីនេះ និងទទួលការផ្តន្ទាទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។

* ចូលរួមសហការផ្តល់ព័ត៌មានដល់ស្ថានទូត (នៅបាងកក) ស្ថានអគ្គកុងស៊ុល (នៅខេត្តសាកែវ) ឬអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំបងប្អូនពលករឆ្លងដែនចេញ-ចូលខុសច្បាប់តាមបណ្តាច្រកព្រំដែនកម្ពុជា-ថៃ។

* ត្រូវគោរពអនុវត្ត និងចូលរួមសហការឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តារក្សាភាពនឹងនរ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមស្ថានទូតកម្ពុជាប្រចាំនៅថៃ ដោយបន្ថែមថា ករណីបងប្អូនមានបញ្ហា សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកអនុព័ន្ធការងារ)៕