(ភ្នំពេញ)៖ ក្នុងខែមករា ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបាន ៥២,៧១១តោន កើនឡើង២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ហើយក្នុងនោះទទួលបានចំណូលជិត ៨៥លានដុល្លារអាមេរិកផងដែរ។

នេះបើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

របាយការណ៍បន្តថា ក្នុងខែមករានេះ តម្លៃជ័រកៅស៊ូជាមធ្យមមានតម្លៃ ១,៦០៣ដុល្លារ ក្នុង១តោន។ ដូច្នេះចំណូលបានពីការនាំចេញជ័រកៅស៊ូ ក្នុងខែមករា ឆ្នាំ២០២១នេះ មានចំនួន ៨៤,៤៩៥,៧៣៣ដុល្លារអាមេរិក។

អគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួន ៤០៤,១៥៩ហិចតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន ២៩២,៤៩៧ហិចតា ស្មើនឹង៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន១១១,៦៦៣ហិចតា ស្មើនឹង២៨ភាគរយ។

សូមបញ្ជាក់ផងដែរថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕