(ពោធិ៍សាត់)៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ដឹកនាំដោយ លោកវរសេនីយ៏ឯក ញឹម នី មេបញ្ជាការរងអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យពីរនាក់ រួមនឹងវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៏ឯក ញឹម នី មេបញ្ជាការរង បានឲ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើង គឺដោយបានការសម្របសម្រួលពី លោក បុ៊ង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។

ក្នុងប្រតិបត្តិការនោះ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យ២នាក់៖ ១.ឈួន ទែល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ឈឹម ធា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្កាត់ខាងលើ និងធ្វើការឆែកឆេរក្នុងផ្ទះ ចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន១៧កញ្ចប់តូច និង១កញ្ចប់ធំ , ទូរស័ព្ទចំនួន២គ្រឿង ,ដែកកេះចំនួន៣ដើម ,ថង់ផ្លាស្ទិច និងឧបករណ៏សម្រាប់ជក់គ្រឿងញៀនមួយកំប្លេរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបំពេញនីតិវិធីចាត់ការតាមច្បាប់៕