(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ៨៧៩.៦៨ប៊ីលានរៀល (ប្រមាណជា ២១៧.២០ លានដុល្លារអាមេរិក) ធ្លាក់ចុះ៨.០៦% បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមករា ឆ្នាំ២០២០។

ការបញ្ជាក់យ៉ាងដូច្នះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានសាខាពន្ធដារខណ្ឌ និងការចូលរួមតាមប្រព័ន្ធអនឡាញរបស់ប្រធានសាខាពន្ធដារខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោក គង់ វិបុល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «សម្រាប់ចំណូលពន្ធខែដំបូងឆ្នាំនេះ បើប្រៀបធៀបជាមួយខែមករា ឆ្នាំ២០២០ឃើញថា មានធ្លាក់ចុះមែន ប៉ុន្តែប្រៀបធៀបនឹងខែធ្នូ ឆ្នាំ២០២០ ចំណូលពន្ធនេះមិនមានការធ្លាក់ចុះទេ ហើយបើតាមផែនការនៃការប្រមូលចំណូលក្នុងឆ្នាំនេះ លើសបន្តិចផង។ ការថយចុះនៃចំណូលពន្ធខែដំបូងនេះ ដោយសារតែបញ្ហាជំងឺកូវីដ១៩ ក៏ដូចជាបញ្ហាសេដ្ឋកិច្ចជារួម»

លោករដ្ឋមន្ត្រីប្រតិភូបានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១ ចំណូលពីប្រភេទពន្ធ ០៣ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ក្នុងនោះ ពន្ធលើប្រាក់ចំណូលចំនួន ១៧៣.៧៩ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង ១១.៧៦ ប៊ីលានរៀល ប្រមាណ៧.២៦%, អាករពិសេសចំនួន ៧៧.១០ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង ៤.០៤ ប៊ីលានរៀល ប្រមាណ៥.៥៣% និងពន្ធលើប្រាក់បៀវត្សចំនួន ៩១.៣១ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង៨.៣៥ ប៊ីលានរៀល ប្រមាណ១០.០៧%។

លោកបានបន្ថែមទៀតថា សម្រាប់ឆ្នាំ២០២១នេះ ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់ តាមផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ចំនួន ៩ ០៨៤.៤២ ប៊ីលានរៀល (ប្រមាណ ២ ២៤៣.០៧ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលរួមមានវិធានការសំខាន់ៗដូចខាងក្រោម៖

* បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព នូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Platform) ស្របតាមខ្លឹមសារអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ និងពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស

* ផ្សព្វផ្សាយ និងត្រៀមអនុវត្តឱ្យមានប្រសិទ្ធភាព នូវវិធាននិងនីតិវិធីគ្រប់គ្រងការប្រើប្រាស់ឧបករណ៍វាស់ចំណុះស្រាបៀរ និង/ឬភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងស្រុក និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ស្របតាមខ្លឹមការប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក

* បន្តពង្រឹងការងារចាត់ចែងលិខិតប្រកាស និងជំរុញការអនុវត្តការគ្រប់គ្រង ដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) ជាពិសេស សម្រាប់ការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូល (Tax on Income) ប្រចាំឆ្នាំ ២០២០

* បន្តលើកកម្ពស់នឹងបញ្ជ្រាបវប្បធម៌បង់ពន្ធ ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងពន្ធដារ ជូនដល់មន្ត្រីអនុវត្តផ្ទាល់ អ្នកជាប់ពន្ធ និងសាធារណជន ដើម្បីពន្យល់ និងដោះស្រាយការលំបាក និងចម្ងល់របស់ប្រជាពលរដ្ឋ ជាពិសេសត្រៀមរៀបចំសិក្ខាសាលា ជូនអ្នកជាប់ពន្ធផ្សព្វផ្សាយស្តីពី «បច្ចុប្បន្នភាពទម្រង់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ២០២០»

* ពង្រឹងការអនុវត្តការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗ ដែលមានសក្តានុពល ដោយកំណត់ជាបំណុលអាទិភាព និងសហគ្រាសស្ថិតក្នុងវិស័យ ដែលមិនបានរងប៉ះពាល់ដោយសារការរីករាតត្បាត នៃជំងឺកូវីដ ១៩

* បន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការចែករំលែកទិន្នន័យ និងអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីពង្រឹងអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធ

* បន្តពង្រឹងការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២០ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១

* បន្តអភិវឌ្ឍកម្មវិធីប្រកាស និងបង់ប្រាក់ពន្ធតាមទូរស័ព្ទដៃ (Mobile Application) សម្រាប់ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ក្នុងន័យធ្វើឱ្យប្រសើរឡើង និងសម្រួលដល់ការប្រកាស និងបង់ប្រាក់ពន្ធរបស់ប្រជាពលរដ្ឋ និងសហគ្រាសនានាចាប់ពីឆ្នាំ២០២១ តទៅ

* បន្តពង្រឹងការគ្រប់គ្រងសហគ្រាស ស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ

* បន្ត និងខិតខំពង្រឹងការផ្តល់សេវា ជូនអ្នកជាប់ពន្ធ ដែលជាកត្តាសំខាន់ធ្វើឱ្យប្រសើរឡើង នូវវប្បធម៌ពន្ធដារ ក្នុងនោះមានការ ជំរុញការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (Document Check and Track), រៀបចំកម្មវិធី «ពន្ធដារកម្ពុជា» ដោយផ្សព្វផ្សាយ និងជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់ (GDT Facebook Live), សេវាឆ្លើយតបតាមប្រពន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម

* បន្តពង្រឹង និងជំរុញការងារអង្កេតអចលនទ្រព្យ និងការចុះបញ្ជីអាជីវកម្មនៅរាជធានីភ្នំពេញនិងបណ្តាខេត្តនានា ដើម្បីចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាព ក្នុងគោលដៅពង្រឹងសេវាជូនអ្នកជាប់ពន្ធ

* បន្តការងារកំណែទម្រង់ធនធានមនុស្ស ដោយជំរុញ និងខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល

* បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធិភាព នូវវិធានការអន្តរាគមន៍បន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍, វិស័យអាកាសចរ, វិស័យកសិកម្ម និងការចិញ្ចឹមសត្វ, និងវិស័យកាម្មន្តសាលទូទៅ និងវិធានការអន្តរាគមន៍នានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

* បន្តអនុវត្តវិធានការចាំបាច់នានា ដូចមានកំណត់ក្នុងសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ ២០២១ និងបន្តអនុវត្តប្រកបដោយការយកចិត្តទុកដាក់ នូវយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣៕