(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយ លោកពេជ្រ ស្រស់ បានរៀបចំសមាជគម្រប់ ១អាណត្តិ របស់ខ្លួន នៅអគារមួយក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ។

យោងតាមការប្រកាសរបស់គណបក្សនេះ បានឱ្យដឹងថា ក្នុងសមាជនេះគណបក្សយុវជនកម្ពុជា បានធ្វើកំណែទម្រង់ផ្ទៃក្នុង ៧ចំណុច រួមមាន៖

១៖ បាវចនាបក្ស ប្តូរពី យុវជនដើម្បីការអភិវឌ្ឍ ទៅជា «សេរីភាព យុត្តិធម៌ អភិវឌ្ឍន៍»
២៖ អនុប្រធានមានចំនួន ០៣ នាក់
៣៖ គណកម្មាធិការនាយក ១២៥នាក់ យ៉ាងតិច
៤៖ គណកម្មាធិការអចិន្ត្រៃយ៍យ៉ាងតិច ១១នាក់ និង អគ្គលេខាធិការរងគណបក្ស ០៣នាក់
៥៖ ពង្រីកភូមិសាស្រ្ត និងទីតាំងធ្វើនយោបាយ
៦៖ ជ្រើសរើសប្រធានគណបក្សអាណត្តិថ្មី
៧៖ និងកែលក្ខន្តិកៈមួយចំនួនផ្សេងទៀត។

បើតាមការឲ្យដឹងពី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា គឺលោកបានជាប់ឆ្នោតលើសលុប ក្នុងការបន្តធ្វើជាប្រធានគណបក្សប្រឆាំងមួយនេះដដែល។

គណបក្សយុវជនចាប់ផ្តើមចេញជារូបរាង កាលពីចុងឆ្នាំ២០១៥ ស្របនឹងគណបក្សថ្មីមួយចំនួនបង្កើតឡើងដែរ។ ថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សនេះជាអតីតសមាជិកគណបក្សប្រឆាំង និងគណបក្សហ្វ៊ុនសិនប៉ិច៕