(កំពត)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បានអញ្ជើញពិនិត្យសកម្មភាពការងារ របស់មន្ត្រី បុគ្គលិក នៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពអន្តរាគមន៍ យ៉ាងសកម្មមមាញឹកបំផុត លើការកសាងព្រះរាជសមិទ្ធផល ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដល់ប្រជារាស្រ្តជាបងប្អូនកូនចៅរបស់ព្រះអង្គរស់នៅ ឃុំដំបូកខ្ពស់ ស្រុក អង្គរជ័យ ខេត្តកំពត។

សកម្មភាពពិនិត្យការកសាងផ្លូវលំ នៅស្រុកអង្គរជ័យ ខេត្តកំពត របស់សម្តេចចៅហ្វាវាំង ត្រូវបានធ្វើឡើងរួមដំណើរដោយ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង និងលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង។

ក្នុងឱកាសចុះបំពេញការងារ នៅមូលដ្ឋាននេះ សម្តេចចៅហ្វាវាំងព្រះរាជតំណាង បានអញ្ជើញពិនិត្យការងាររបស់ក្រុមសម្តេចឪ ក្នុងកិច្ចការកសាងផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ប្រវែង៥៨០០ ម៉ែត្រ ដែលមានទំនាក់ទំនងពីភូមិត្រពាំងត្នោត រហូតដល់ភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុក អង្គរជ័យ ខេត្តកំពត។

ក្រុមសម្តេចឪ បានខិតខំប្រឹងប្រែងកសាងព្រះរាជសមិទ្ធផល ដ៏ឧត្តុងឧត្តមនេះ ចាប់តាំងពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចបានលទ្ធផល លើការឈូសឆាយធ្វើបាតផ្លូវបានប្រវែង៥៨០០ម៉ែត្រ ចាក់ដីសបានប្រវែង៣៨០០ម៉ែត្រ និងគ្រាល់គ្រួសក្រហមកម្រាស់២តឹកបានប្រវែង ៦៥០ម៉ែត្រ។

គួររំលឹកថា ចាប់តាំងពីពេលដែលក្រុមសម្តេចឪ បង្កើតឡើងនៅថ្ងៃទី ០៧ ខែ វិច្ឆិកា ក្នុងឆ្នាំ១៩៩៣ នោះមកក្រុមសម្តេចឪ ដែលមានសម្តេចចៅហ្វាវាំង គង់ សំអុល ជាប្រធានក្រុមសម្តេចឪ បានខិតខំដឹកនាំ និងផ្តល់នូវអនុសាសន៍ ដ៏វិសេសវិសាល ធ្វើឲ្យចលនាដ៏ប្រពៃរបស់ក្រុមសម្តេចឪ ទទួលបានជោគជ័យជារៀងរហូតមកលើការកសាងថ្មី និងជួសជុលកែលម្អផ្លូវលំដែលជាព្រះរាជសមិទ្ធផលព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចឪ សម្តេចម៉ែ និងព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គបានប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្ត្រនៅតាមមូលដ្ឋាននានា ដែលជួបការលំបាកនៅទូទាំងប្រទេស ព្រោះថាផ្លូវលំមានគុណប្រយោជន៍យ៉ាងសំខាន់ ជាសរសៃឈាមនៃសេដ្ឋកិច្ចគ្រួសារ របស់បងប្អូនប្រជារាស្ត្រ។

ជាមួយគ្នានេះក្រុមសម្តេចឪ បានធ្វើសកម្មភាពយ៉ាងមមាញឹក និងសកម្មក្លៀវក្លាបំផុត ក្នុងការកសាងព្រះរាជសមិទ្ធលព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះមហាក្សត្រ សម្តេចឪ សម្តេចម៉ែ មានអគារសិក្សា មណ្ឌលសុខភាព ស្រះទឹក ប្រឡាយទឹក អណ្តូងទឹកជាដើម រួមចំណែកដល់ដំណើរការ អភិវឌ្ឍ របស់ប្រទេសជាតិ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជារាស្ត្រកាន់ តែមានភាពល្អប្រសើរ។

ក្នុងឱកាសនោះ សម្តេចចៅហ្វាវាំងព្រះរាជតំណាងបានជួបសំណេះសំណាលជាមួយបងប្អូន ប្រជារាស្ត្រក្នុងមូលដ្ឋាន ដោយបានជម្រាបជូនអំពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ និងស្រឡាញ់ដ៏ ជ្រាលជ្រៅចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គរស់នៅក្នុងមូលដ្ឋាននេះ។

សម្តេចចៅហ្វាវាំង មានប្រសាសន៍ជម្រាបជូនថា ផ្លូវលំ ក្រាលគ្រួសក្រហម ប្រកបដោយសារៈ សំខាន់មួយខ្សែនេះ គឺជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គប្រោស ព្រះរាជទាន ជាឧត្តមប្រយោជន៍សម្រាប់បងប្អូនប្រជារាស្ត្រក្នុងមូលដ្ឋាន និងសាធារណជនទូទៅ មានការងាយស្រួល ក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល បានលឿនឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។

ប្រជារាស្ត្ររស់នៅ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត សូមថ្លែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទាន ព្រះរាជសមិទ្ធផល ដ៏ឧត្តុងឧត្តមនេះ និងសូមបួងសួងដ៏គុណបុណ្យ ព្រះរតនៈត្រ័យ ព្រះតេជៈបារមី នៃវត្ថុសក្កិសិទ្ធិ គ្រប់ព្រះអង្គក្នុងលោក សូមព្រះអង្គជួយបីបាច់ថែរក្សា និងប្រោសប្រទាននូវព្រះពរជ័យ សិរីមង្គល ដ៏បវមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ បានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខ គ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួរ និងមានព្រះជន្មាយុ យឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តសម្បូរសប្បាយ ដល់កូនចៅ ចៅទួត របស់ព្រះអង្គជាដរាបតរៀងទៅ៕