(ភ្នំពេញ)៖ នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលសរុបបានជាង៧០លានដុល្លារអាមេរិក មានការថយចុះ៦ភាគរយ បើប្រៀបធៀប នឹងឆ្នាំ២០១៩ ប្រមាណ៨០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា ចំណូលសរុប របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២០ ទទួលបានចំនួន ៣១១,៨១៣,៧៦៩,០០០រៀល (ប្រមាណ៧៦ លានដុល្លារអាមេរិក) ថយចុះ៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩ សរុបចំនួ ន៣៣៣,៩១៣,៣៧៧,០០០រៀល (ប្រមាណ៨១លានដុល្លារអាមេរិក)។

ដោយឡែកប្រាក់ចំណេញ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបាននៅក្នុងឆ្នាំ២០២០ សរុបចំនួន ២៦,៦០៧,៥៩៤,០០០រៀល (ប្រមាណជាង ៦លានដុល្លារអាមេរិក) ថយចុះ៣៨ភាគរយ បើធៀបនឹងឆ្នាំ២០១៩ សរុបចំនួន៤៣,៤៦៣,៥០០,០០០ (ប្រមាណ១០លានដុល្លារអាមេរិក)។

គូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

កំពង់ផែក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើង នៅឆ្នាំ១៩៥៦ ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ។ កំពង់ផែ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ១៩៦០ ដោយមានទំហំ២៩០ម៉ែត្រ គុណនិង២៨ម៉ែត្រ អាចឲ្យនាវាចូលចតជម្រៅ ៨.៥ម៉ែត្រ៕