(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរង កងទ័ពជើងគោក និង ជាមេបញ្ជាការយោធភូមិភាគទី៥ បានជំរុញឲ្យកងកម្លាំងនៅតំបន់ព្រំដែនបន្តពង្រឹងស្ថិរភាពឲ្យបានរឹងមាំ និងចូលរួមឲ្យបានខ្លាំងក្លាក្នុងការងារបង្កបង្កើនផល ចិញ្ចឹមសត្វដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។
ការថ្លែងបែបនេះក្នុងឱកាសលោកឧត្តមសេនីយ៍ឯក អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារយោធាសន្តិសុខឆ្នាំ២០១៥ និង ផ្សព្វផ្សាយ ទិសដៅ ឆ្នាំ២០១៦ របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធបីប្រភេទ លោកអភិបាលរងក្រុង និងមន្ត្រីយោធាសរុបប្រមាណ១៥០នាក់ ។ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានប្រាប់ទៅកងកម្លាំងប្រដាប់អាវុធទាំងអស់ថា ត្រូវចេះសហការជាមួយកងកម្លាំង និងមន្ត្រីពាក់ព័ន្ធដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព របស់កងកម្លាំងការពារជាតិ។ លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន មិនត្រូវដាក់កុងត្រូលជជុះ ទារលុយពីប្រជាពលរដ្ឋស្លូតត្រង់ឡើយ ត្រូវចូលរួមទប់ស្កាត់ពលករចំណាកស្រុកដែលខុសច្បាប់ និងបទល្មើសនានាតាមព្រំដែន។
ជាងនេះទៅទៀតកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមសហការអនុវត្តគោលនោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងចូលរួមឲ្យបានខ្លាំងក្លា ក្នុងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ៕