(ភ្នំពេញ)៖ ដំណាំបន្លែ និងផ្លែឈើ មានសក្ដានុពលយ៉ាងធំធេង សម្រាប់ការលើកស្ទួយ ក៏ដូចជាជំរុញវិស័យសេដ្ឋកិច្ចនៅកម្ពុជា ខណៈទំហំថវិកាវិស័យទាំងពីរនេះ មានប្រមាណ២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។

ថ្លែងឲ្យដឹងក្នុងបទសម្ភាសន៍ ស្ដីពី «ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រវិស័យបន្លែផ្លែឈើ» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឲ្យដឹងថា ដំណាំបន្លែ និងផ្លែឈើបានរួមចំណែក និងផ្ដល់ចំណូលយ៉ាងច្រើន ដោយក្នុងនោះធនាគារ ARDB ក៏បានចំណាយទុនពិសេសជិត៣០លានដុល្លារ លើវិស័យទាំង២នេះផងដែរ។

លោក កៅ ថាច បានបញ្ជាក់ថា ទុនពិសេស៥០លានដុល្លារ បានបញ្ចេញសម្រាប់វិស័យបន្លែ ផ្លែឈើប្រមាណ១៤លានដុល្លារ ស្មើ២៨ភាគរយនៃឥណទានសរុប៥០លានដុល្លារនេះ។ ក្រៅអំពីទុនពិសេសនេះធនាគារ ARDB ក៏មានទុនផ្ទាល់ខ្លួន។ បូកបញ្ចូលគ្នាទាំងទុនពិសេស និងទុនរបស់ធនាគារ ARDB សម្រាប់វិស័យបន្លែ និងផ្លែឈើនេះ ចំណាយជិត៣០លានដុល្លារ។

លោក កៅ ថាច បានបន្ថែមឲ្យដឹងថា កម្ពុជាត្រូវការបន្លែចំនួនប្រមាណ១តោន ក្នុងឆ្នាំ២០២០ ដែលគិតជាទឹកប្រាក់ចន្លោះ៧០០-៨០០លានដុល្លារ ប៉ុន្ដែកម្ពុជាផលិតបន្លែខ្លួនឯងបានតែចន្លោះ៦០-៦៥ភាគរយប៉ុណ្ណោះ។

លោកបន្ថែមថា ចំណែកវិស័យផ្លែឈើវិញឆ្នាំ២០២០ កម្ពុជាទទួលបានចំណូលជិត២ពាន់លានដុល្លារ លើដំណាំ៤ ប្រភេទរួមមាន៖
* ស្វាយកែវរមៀល៖ ទិន្និផលជិត២លានតោន គិតជាទឹកប្រាក់ទទួលបានជិត៩០០លានដុល្លារ។
* ចេកអំបូងលឿង៖ ទិន្និផលជិត៥០ម៉ឺនតោន គិតជាទឹកប្រាក់ទទួលបានជាង៤០០លានដុល្លារ។
* ស្វាយចន្ទី៖ ទិន្និផលជិត៣០ម៉ឺនតោន គិតជាទឹកប្រាក់ទទួលបាន២៦០លានដុល្លារ។
* មៀនប៉ៃលិន៖ ទិន្និផលជិត២០ម៉ឺនតោន គិតជាទឹកប្រាក់ទទួលបាន១៦០លានដុល្លារ។
ដំណាំ៤មុខនេះ បូកបញ្ចូលគ្នាទទួលបានទឹកប្រាក់ជិត២ពាន់លានដុល្លារ។

លោកបានបញ្ជាក់ថា ចំណូលជិត២ពាន់លានដុល្លារពីផ្លែឈើនេះ ជាចំណែកមួយចូលរួម ក្នុងផលិតផលសរុបក្នុងស្រុក (GDP)។

លោកបានបន្ថែមថា «ដូច្នេះសក្ដានុពលផ្នែកបន្លែ និងផ្លែឈើពិតជាមានសក្ដានុពល និងទំហំធំណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា»

លោក កៅ ថាច បានជម្រាបផងដែរថា ទុនពិសេសដែលរាជរដ្ឋាភិបាលបានបញ្ចេញ ដល់ប្រជាកសិករខ្ចីចំនួន៥០លានដុល្លារ ដោយផ្ដល់កម្ចី៤ប្រភេទធំៗ គឺ៖ ការដាំដុះបន្លែ ផ្លែឈើ, ការចិញ្ចឹមសត្វ, ការកែច្នៃផលិតផលកសិកម្ម និងការធ្វើរីវប្បកម្ម បានផ្ដល់កម្ចីអស់ហើយ។ កត្តាដែលទុនពិសេសបញ្ចេញអស់លឿនបែបនេះ ដោយសារតែកម្ចីមានការប្រាក់ទាប ដូច្នេះបងប្អូនប្រជាពលរដ្ឋមានការខ្ចីច្រើន ដើម្បីប្រើប្រាស់ផ្សេងៗ។ ធនាគារ ARDB ក៏គ្រោងនឹងស្នើសុំបន្ថែមពីរាជរដ្ឋាភិបាល ព្រោះប្រជាពលរដ្ឋនៅតែបន្ដស្នើសុំខ្ចី៕

\