(ភ្នំពេញ)៖ ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងម្នាក់ បានរងរបួសធ្ងន់ធ្ងរបាក់ដៃបាក់ជើង ដោយសារលោតពីលើស្ពាន ពេលព្យាយាមគេចពីប៉ូលីសតាមចាប់ ព្រោះការបើកបរក្នុងស្ថានភាពស្រវឹង។
យោងតាមស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ពលករខ្មែរម្នាក់ បានបើកបររថយន្តក្នុងស្ថានភាពស្រវឹង ហើយត្រូវប៉ូលីសឃាត់ខ្លួន។ ក្នុងស្ថានភាពនេះ ពលកររូបនេះ បានព្យាយាមរត់គេចខ្លួនពីប៉ូលីស ហើយបានលោតពីលើស្ពានបណ្តាលឱ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរបាក់ដៃបាក់ជើងនៅតំបន់ជីនជូ។
ក្រោយកើតមានហេតុការណ៍នេះ ក្រុមអនុព័ន្ធការងារប្រចាំស្ថានទូតខ្មែរនៅប្រទេសកូរ៉េខាងត្បូង បានជួយសម្របសម្រួលដោះស្រាយបញ្ហា រហូតជួយឱ្យពលកររូបនេះបានត្រលប់មកប្រទេសកម្ពុជាវិញ។ ពលកររូបនេះ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅនេះ។
ក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះផ្ទាល់បានថ្លែងអំណរគុណក្រុមការងារ និងស្ថានទូតកម្ពុជាដែលបានជួយសម្របសម្រួលជាមួយមន្ទីពេទ្យក្យុងសាង មិនឱ្យគិតថ្លៃព្យាបាលរបួសដែលមានតម្លៃរហូតដល់ជាង ១០ម៉ឺនដុល្លារ។ បន្ថែមពីលើនោះ បានស្វែងរកកន្លែងស្នាក់នៅពេលជនរងគ្រោះជួបបញ្ហា ទោះបីរូបគេជាពលករខុសច្បាប់ក៏ដោយនោះ។
បើយោងតាមស្ថានទូត បានឱ្យដឹងថា ខ្លួននឹងធ្វើលិខិតសរសើរ និងលិខិតថ្លែងអំណរគុណដល់មន្ទីរពេទ្យ និងស្ថាប័នពាក់ព័ន្ធដែលបានជួយដល់ការងារនេះ។
ឆ្លៀតឱកាសនេះ ស្ថានទូតខ្មែរ បានអំពាវនាវដល់ពលករ ក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូប កុំប្រព្រឹត្តល្មើនឹងបំរាម ឬច្បាប់ណាមួយរបស់អាជ្ញាធរកូរ៉ខាងត្បូង ក្នុងពេលអំឡុងពេលប្រកបការងារនៅប្រទេសកូរ៉េ៕