(ភ្នំពេញ)៖ តាមរយៈការស្រាវជ្រាវផ្ទាល់ខ្លួន លោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងថា លើលោកនេះមានតែសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទេ ដែលចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ក្នុងការការពារសិទ្ធិជូនប្រជាពលរដ្ឋ ដោយមិនគិតប្រាក់។
លោក គី តិច ថ្លែងបែបនេះក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា។
បើតាមលោក គី តិច, គ្រប់ស្ថាប័នមេធាវី ត្រូវតែយកប្រាក់កម្រៃពីកូនក្តី ដើម្បីដំណើរការស្ថាប័នរបស់ខ្លួន។ ចំពោះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺការពារក្តីជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីរងគ្រោះដោយឥតគិតថ្លៃ ដោយសារតែគ្រប់ការចំណាយ ត្រូវបានផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដោយផ្ទាល់ ពោលក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មិនប្រើប្រាស់ថវិការដ្ឋឡើយ។
ការណ៍ដែលសម្តេចតេជោ ហ៊ុន សែន ចំណាយថវិកាបង្កើតក្រុមមេធាវីស្ម័គ្រចិត្តបែបនេះហើយ ទើបលោក គី តិច ស្រាវជ្រាវទៅឃើញថា មិនទាន់មានប្រមុខដឹកនាំប្រទេសរូបណា លះបង់ដូចសម្តេចតេជោ ហ៊ុន សែន នោះទេ។ លោកថែមទាំងចាត់ទុកថា សកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន មានតម្លៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ហើយនេះជារឿងដែលកើតឡើងដោយការគិតគូរច្បាស់លាស់ និងត្រឹមត្រូវរបស់សម្តេចតេជោផងដែរ។
លោក គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមការស្រាវជ្រាវរបស់ខ្ញុំ ប្រជាជនកម្ពុជាយើងមានសំណាងណាស់ដែលមានប្រមុខដឹកនាំ ដែលលះបង់ថវិកាសម្រាប់ជួយទៅបងប្អូនប្រជាពលរដ្ឋ។ តាមការស្រាវជ្រាវទៅ អត់ឃើញមានប្រទេសណា មាននាយករដ្ឋមន្ត្រី ចំណាយថវិកាខ្លួនឯងទៅបង្កើតក្រុមមេធាវី ជួយទៅដល់ប្រជាពលរដ្ឋទេ។ ការគិតគូររបស់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត មានតម្លៃធំធេងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង»។
សូមបញ្ជាក់ដែរថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានចុះអនុស្សរណៈ នៃការយោគយោល់គ្នា ដើម្បីអនុវត្តច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។ ស្ថិតក្នុងឱកាសនោះ លោក យ៉ង់ សែម បានថ្លែងដោយវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីគាំទ្រ លើកស្ទួយ និងការពារសិទ្ធិជនគ្រប់រូប ជាពិសេសស្ត្រីងាយរងគ្រោះ ឲ្យមានសិទ្ធិសេរីភាពស្មើគ្នាចំពោះមុខច្បាប់ និងមានសេចក្តីថ្លៃថ្នូរ យុត្តិធម៌ ដើម្បីអាចរស់នៅដោយ និងសន្តិភាពក្នុងសង្គមជាតិ ក្នុងតំបន់ និងក្នុងសកលលោក។
លោកបញ្ជាក់បន្តយ៉ាងដូច្នេះថា «ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីយើងទាំងពីរ និងធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងគូភាគី ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ផ្តល់ព័ត៌មានពាក់ព័ន្ធឲ្យគ្នាទៅវិញទៅមក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីសិទ្ធិបុគ្គល ដែលត្រូវការពារដោយច្បាប់ និងពិគ្រោះយោបល់ ការពារសិទ្ធិតាមផ្លូវច្បាប់ និងផ្តល់មេធាវីការពាររឿងក្តី នៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
ជាមួយគ្នានេះដែរ លោកមេធាវី គី តិច បានថ្លែងរំលឹកទៀតថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយគោរពតាមគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ គោលដៅនៃការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីជួយការពារស្ត្រីទន់ខ្សោយ ងាយរងគ្រោះ និងពុំមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។
លោក គី តិច បានសង្កត់ធ្ងន់ថា ដើមឡើយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បង្កើតឡើងដើម្បីជួយការពារតែស្ត្រីទេ ប៉ុន្តែក៏ធ្លាប់ការពារក្តីជូនបុរសកាលពីកន្លងទៅនេះ ពាក់ព័ន្ធនឹងរឿងបាក់អគារនៅខេត្តព្រះសីហនុ និងខេត្តកែប។ ហេតុនេះហើយ បន្ទាប់ពីការចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយគណៈកម្មការទី១ នៃព្រឹទ្ធសភា លោកនឹងគិតគូរបន្ថែមទៀត ជាមួយព្រឹទ្ធសភាចំពោះការជួយរឿងក្តីដល់បុរស ពោលមហាជនទូទៅ ដែលគ្មានលទ្ធភាពការពារក្តី ហើយសុំគោលការណ៍សម្រេចអនុញ្ញាតពីសម្តេចតេជោ ផងដែរថា សម្តេចព្រម ឬអត់។
បច្ចុប្បន្ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានចំនួនសរុប ១៣៧រូប និងមានវត្តមាន នៅគ្រប់បណ្តារាជធានីខេត្តនៃកម្ពុជា។ នេះបើតាមលោក គី តិច ដោយលោកបន្ថែមថា សមាសភាពក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែននេះ មានចំនួនគ្រប់គ្រាន់ក្នុងការជួយការពារក្តីពេលបច្ចុប្បន្ន ប៉ុន្តែលោករំពឹងថា អាចនឹងបន្ថែមសភាពទៀត បន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈកម្មការទី១ ព្រឹទ្ធសភានេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋកាន់តែបានច្រើន និងឆាប់រហ័ស៕