(ឧត្តរមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ ពីសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពម្ហូបអាហារ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ មានលោក លិញ សុវឌ្ឍនា ប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ ចុះប្រតិបត្តិការ ការងារផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគនៅផ្សារទួលស្វាយ មានទីតាំងនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងសកម្មភាពដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក លិញ សុវឌ្ឍនា បានថ្លែងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ ទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ។
លោកប្រធានសាខា បានបន្តថា នៅក្នុងសកម្មភាព ចុះត្រួតពិនិត្យទំនិញ ដែលជាគ្រឿងឧបភោគបរិភោគ នៅផ្សារទួលស្វាយខាងលើនេះ ក្រុមការងារបានត្រួតពិនិត្យ ទំនិញវេចខ្ចប់រួចជាស្រេច និងធ្វើតេស្តបឋមលើផលិតផលទំនិញ បានចំនួន០៥គំរូ រួមមាន៖ ពពុះសណ្ដែក(២គំរូ) មីសួរ (០១គំរូ) មឹក (១គំរូ) និងបង្គា(១គំរូ) ដើម្បីរកសារធាតុគីមីហាមឃាត់។
ជាលទ្ធផល បានដកហូតទំនិញដែលមានសារធាតុគីមីហាមឃាត់ និងទំនិញហួសកាលបរិច្ឆេតប្រើប្រាស់ សរុបបានចំនួន ១៩.១៥គីឡូក្រាម យកមករក្សាទុកនៅសាខា ដើម្បីកម្ទេចចោល នៅពេលក្រោយ។
ក្នុងនោះ ទំនិញដែលត្រូវបានដកហូត រួមមាន៖
* ពពុះសណ្ដែក ចំនួន ៣.៨៥គីឡូក្រាម
* មីម៉ាម៉ា ១៦កញ្ចប់ ចំនួន ១.១គីឡូក្រាម
* នំពោតកូនក្មេងចំនួន ០១កេសធំ ស្មើ ៨ គីឡូក្រាម
* ទឹកក្រូចម៉ាក BIG ចំនួន ២ដប ស្មើ ៦.២ លីត្រ។
នៅក្នុងឱកាសនោះ ក្រុមការងារបានបិទ ផ្សព្វផ្សាយ ផ្ទាំងរូបភាព (Poster) បានចំនួន ៣០ផ្ទាំង និងបានពន្យល់ណែនាំដល់អាជីវករ ឲ្យបានយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដែលអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕