(រតនគិរី)៖ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិដោះក្រមុំ សង្កាត់កាចាញ ក្រុងបានលុង លោកសាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងសហការីដោយមានការចូលរួមពីអាជ្ញាធរភូមិ,សង្កាត់ និងប្រជាពលរដ្ឋកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ បានបើកការដ្ឋានសម្រួលផ្លូវលំក្រាលគ្រួសក្រហមប្រវែង១២៥០ម៉ែត្រ ក្នុងភូមិសាស្ត្រសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
លោកសាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១នេះ ថា ក្នុងនាមមន្ទីរជំនាញ និងដោយមានការចង្អុលបង្ហាញពីលោក ថង សាវុន អភិបាលខេត្តរតនគិរីបានចុះពិនិត្យ និងដឹកគ្រឿងចក្រសម្រួលផ្លូវលំ១ខ្សែនេះ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីចុងឆ្នាំកន្លងទៅ។ លោក សាយ សាមាន បញ្ជាក់ឲ្យដឹងទៀតថា ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែនេះ មានប្រវែង១២៥០ម៉ែត្រ ដែលត្រូវសម្រួលរួចជាស្ថាពរគឺជាផ្លូវសម្រាប់ជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរបានល្អប្រសើរជាងមុន។
អាជ្ញាធរភូមិដោះក្រមុំ,សង្កាត់កាចាញ និងប្រជាពលរដ្ឋទាំងអស់មានការត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនដែលលោកតែងតែជួយដោះស្រាយបញ្ហាផ្សេងៗពេលដែលពួកគាត់ជួបការលំបាក។
ប្រជាពលរដ្ឋរស់នៅភូមិដោះក្រមុំ សង្កាត់កាចាញ ក៏បានលើកឡើងពីសារៈសំខាន់ផ្លូវលំដែលបានសម្រួលរួចហើយនេះគឺផ្តល់ភាពងាយស្រួលដូចជាធ្វើដំណើរទៅផ្សារបានលុង,ទៅមន្ទីរពេទ្យ,កូនចៅពួកគាត់ធ្វើដំណើរទៅសាលារៀនជាដើម៕