(ភ្នំពេញ)៖ អ្នកឧកញ៉ា ប៉ោ សំអឿន, ឧកញ៉ា សំ ប៊ន និងឧកញ៉ា ថាច់ សុខវិជ័យ រួមនិងសប្បុរសជនមួយចំនួនទៀត បានរៃអង្គាសថវិកាបានប្រមាណ ១២លានរៀល ជូនគ្រួសារសពយោធិនដែលបានចង-ក ធ្វើអត្តឃាតនៅក្នុងខេត្តបាត់ដំបង។ ថវិកាកើតចេញពីទឹកចិត្តសប្បុរស ត្រូវបានឧកញ៉ា ប៉ោ សំអឿន និងសប្បុរសជនដទៃទៀត ប្រគល់ជូនលោកស្រី នាង សុខសុផល ជាបងស្រីបង្កើតរបស់សព នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ឧកញ៉ា ប៉ោ សំអឿន បានលើកឡើងថា ថវិកាទាំងនេះកើតចេញពីទឹកចិត្តអាណិតអាសូរចំពោះគ្រួសារ ក៏ដូចជាយោធិនដែលបានចងកធ្វើអត្តឃាតនៅខេត្តបាត់ដំបង។ លោកបន្តថា «នេះជាទឹកចិត្តសប្បរសធម៌ក្រោមដំបូលតែមួយនៃសន្តិភាព និងវប្បធម៌ នៃការចែករំលែកគ្នា គឺជាការជួយរំដោះទុក្ខលំបាកគ្នា ដោយការចែកទានពីអ្នកមានធនធាន ទៅដល់អ្នកក្សត់ទ្រព្យ»។
បើតាមលោក ឧកញ៉ា ប៉ោ សំអឿន ថវិកាទាំងនេះបានពីការរៃអង្គាគ្នាជាមួយមិត្តភ័ក្តិក្នុងក្រុម (Group) តេឡេក្រាម ដែលមានការចូលរួមដូចជាលោក ឧកញ៉ា សំ ប៊ន និងលោកឧកញ៉ា ថាច់ សុខវិជ័យ ជាដើម។
ឆ្លៀតក្នុងបរិយាកាសដ៏ក្រៀមក្រំនេះ លោកឧកញ៉ា ប៉ោ សំអឿន រួមទាំងមិត្តភ័ក្តិ បានចូលរួមសំដែងនូវការសោកស្តាយក្នុងហេតុការណ៍នេះជាពន់ពេក។ លោកឧកញ៉ា បានចាត់ទុកមរណភាពរបស់យោធិនរូបនេះ គឺជាការបាត់បង់សមាជិកគ្រួសារ និងជាការបាត់បង់កុលបុត្ររបស់ជាតិកម្ពុជាមួយរូបដ៏គួរឱ្យសោកស្តាយ៕