(ភ្នំពេញ)៖ ទិវាស្រោមអនាម័យអន្តរជាតិ ២០២១ ដែលបានរៀបចំឡើងដោយអង្កការមូលនិធិថែទាំសុខភាពអេដស៍ (AHF) បានប្រារព្ធធ្វើឡើងដោយមានការចូលរួម ពីប្រជាពលរដ្ឋ និងយុវវ័យយ៉ាងច្រើនកុះករ នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ «តែងតែទាន់សម័យ» ជាមួយស្រោមអនាម័យ ក្នុងគោលចំណងចង់ឲ្យប្រសិទ្ធភាព នៃការទទួលបានស្រោមអនាម័យកាន់តែប្រសើរឡើងជុំវិញពិភពលោក ក្នុងការជួយការពារពីការឆ្លង មេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ ក៏ដូចជាលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខភាពល្អ។
អង្គការ AHF រួមជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជុំវិញពិភពលោក បានរៀបចំកម្មវិធីនេះ រួមទាំងព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងព្រឹត្តការសង្គម ដោយមានការរក្សា គម្លាតសុវត្តិភាពដើម្បីរំលឹកដល់អ្នកដែលបានបាត់បង់ជីវិត ដោយសារជំងឺអេដស៍ និងជាការលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការប្រើប្រាស់ ស្រោមអនាម័យបានត្រឹមត្រូវ ដើម្បីបង្ការពីជំងឺអេដស៍ និងការបង្ការផ្សេងៗទៀតផងដែរ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានថ្លែងថា AHF ដែលជាអង្គការប្រយុទ្ធនឹងជំងឺ អេដស ដ៏ធំជាង គេបំផុត នៅលើពិភពលោកដែលកំពុងតែផ្តល់ការថែទាំដល់ អ្នករស់ នៅជាមួយមេរោគអេស៍ សូមឱ្យមានការចូលរួមជាមួយ ក្នុងទិវាស្រោមអនាម័យអន្តរជាតិ ក្រោមប្រធានបទ «តែងតែទាន់សម័យ» ក្រើនរំលឹកដល់ គ្រប់គ្នាពីសារៈសំខាន់នៃការទទួលស្រោមអនាម័យបានដោយឥតគិតថ្លៃ និងតាមតម្រូវការស្រោមអនាម័យជាជម្រើសដ៏ល្អ សម្រាប់ការពារខ្លួន ពីការចម្លងកាមរោគ និងមេរោគអេដស៍។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិចាប់តាំងពីឆ្នាំ២០០៨មក និងប្រកបដោយភាពច្នៃប្រឌិត ផ្សព្វផ្សាយ ពីស្រោមអនាម័យ និងការប្រើប្រាស់ពីព្រោះស្រោមអនាម័យមាន សារៈប្រយោជន៍ចំបង សម្រាប់ការពារខ្លួនពីការចម្លងកាមរោគមេរោគអេដស៍ និងការពារការ មានផ្ទៃពោះដោយមិនបានគ្រោងទុក។
ទិវាអន្តរជាតិមួយនេះបានប្រារព្ធធ្វើឡើងដោយបានផ្សាភ្ជាប់ជាមួយនឹងទិវានៃក្តីស្រឡាញ់ជារៀងរាល់ឆ្នាំ។ ក្រុមការងាររបស់ AHF ដែលមានទីតាំងនៅបណ្តាប្រទេសផ្សេងៗទូទាំងសកល កំពុងរៀបចំព្រឹត្តការណ៍កម្សាន្តសប្បាយ និងការអប់រំផ្សេងៗជាច្រើនតាមបណ្តាញសង្គម និងដោយផ្ទាល់ ក្រោម ប្រធានបទ «តែងតែទាន់សម័យ» សម្រាប់ទិវាស្រោមអនាម័យ ២០២១!។
លោកបានបន្តថា ទោះបីជំងឺកូវីដ១៩ បន្តការប៉ះពាល់ក្នុងការទទួលស្រោមអនាម័យ ក៏ប៉ុន្តែប្រធានបទ «តែងតែទាន់សម័យជាមួយស្រោមអនាម័យនៅប្រទេសកម្ពុជា» សម្រាប់ទិវា ស្រោមអនាម័យអន្តរជាតិឆ្នាំ២០២១ ជារឿងដ៏សាមញ្ញដែលអាចទទួលយកបាន និងការខិតខំដើម្បីឲ្យមានស្រោមអនាម័យគ្រប់ទីកន្លែងទាំងអស់ ដោយធ្វើយ៉ាងណា ឲ្យប្រជាជនទូទៅបានយល់ថា ស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតសម្រាប់ជីវិតរស់នៅ ហើយយើងកំពុងធ្វើការងារគ្រប់យ៉ាង ដើម្បីធានាថា ស្រោមអនាម័យមានគ្រប់គ្រាន់ និងងាយស្រួលទទួលបានតាមតម្រូវការរបស់មនុស្សទាំងសកល។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅតែខិតខំប្រឹងប្រែងដើម្បីឲ្យប្រាកដថា ប្រជាជទាំងអស់ទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ និងតាមតម្រូវការ ហើយសម្រាប់ទិវាស្រោមអនាម័យអន្តរជាតិផ្តោតលើ «តែងតែទាន់សម័យ» សម្រាប់ទិវាស្រោមអនាម័យ ២០២១!។ នៅតាមបណ្តា ៤៥ប្រទេស ដែលអង្គការមូលនិធិ ថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រតិបត្តិការ បានរៀបចំការព្រឹត្តិការណ៍កំសាន្តសប្បាយដែលនៅជិតបំផុត និងបន្តការផ្សព្វផ្សាយពីសារៈសំខាន់ នៃស្រោមអនាម័យ ដែលអាចទទួលបានគ្រប់ៗគ្នា។
ទិវាស្រោមអនាម័យអន្តរជាតិផ្តល់ឱ្យនូវវេទិកាមួយដើម្បីអំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នសុខភាពសាធារណៈដើម្បីធានាថា ប្រជាជនមានឧបករណ៍ដើម្បីការពារខ្លួន និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលជាពិសេសបំផុតនៅពេលដែលឃើញមានការឆ្លងមេរោគអេដស៍ថ្មីចំនួន ១.៧ លាននាក់ជារៀងរាល់ឆ្នាំ។ វាជារឿងដ៏សាមញ្ញធម្មតានៅពេលដែលមានមធ្យោបាយចែកចាយស្រោមអនាម័យដល់ប្រជាជននៅទូទាំងពិភពលោកដើម្បីការពារពួកគេពីជំងឺដែលអាចការពារបាន។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល ក្រសួងការពារជាតិ មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹង ជំងឺអេដស៍ សើស្បែក និងកាមរោគ មន្ទីរសុខាភិបាលខេត្តក្រុង ស្រុកប្រតិបត្តិមួយចំនួន និងមន្ទីរពាក់ព័ន្ធផ្សេងៗ ព្រមទាំងអង្គការដៃគូនានាដែលបានផ្តល់នូវកិច្ចសហការ ក្នុងភាពជាដៃគូក្នុងពេលកន្លងមក និងបានប្រឹងប្រែងអស់ពីសមត្ថភាពដែលនាំមកនូវសមិទ្ធិផលជាទីមោទនៈក្នុងការប្រយុទ្ធនឹងមេរោគអេដស៍កន្លងមកផងដែរ៕