(កោះកុង)៖ ដើម្បីរឹតចំណងសាមគ្គីភាព រវាងច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង និងច្រកទ្វារព្រំដែនអន្តរជាតិ ហាលិកខេត្តត្រាត ប្រទេសថៃ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្នាក់ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង បានរួមសហការជាមួយច្រកទ្វារអន្តរជាតិហាលិក ខេត្តត្រាត បោសសំអាតថែរក្សាបរិស្ថាន និងចាញ់ថ្នាំមូសដើម្បីការពារជម្ងឺគ្រុនចាញ់។
លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានដឹកនាំមន្រ្តីក្រោមឱវាទចុះធ្វើអនាម័យបានថ្លែងថា ការចុះធ្វើអនាម័យរួមគ្នានេះ ខាងភាគីកម្ពុជាមានមន្ត្រីគ្រប់ស្នាក់ការទាំងអស់ ដែលមានស្នាក់ប្រចាំទីនេះចំណែកភាគីថៃដូចគ្នា និងកម្ពុជាដែរ។ ការធ្វើអនាម័យថែរក្សាបរិស្ថានត្រង់ចំណុច(ស)នេះ គោលបំណងដើម្បីរឹតចំណងមិត្តភាព វាងកម្ពុជា-ភាគីថៃ និងដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធទីនេះ ឲ្យមានសោភណ្ឌភាព សម្រាប់វិស័យទេសចរណ៍ ដែលចេញចូលតាមច្រកទ្វារអន្តរជាតិនេះ មានចំណាប់អារម្មណ៍នៃចំណីចក្ខុ។ លោកបានបន្តថា «ការធ្វើអនាម័យរក្សាបរិស្ថាននេះ គឺភាគីទាំងទ្វេរបានឯកភាពគ្នាយល់ស្របគ្នា និងធ្វើ១ខែកន្លះរួមគ្នា ធ្វើអនាម័យម្តង ហើយខាងភាគីថៃគេមានរថយន្តដឹកសំរាមយកទៅចោរផងដែរ និងដើម្បីការពារសុខភាពកុំឲ្យមានជម្ងឺគ្រុនចាញ់ផងដែរនោះខាងភាគីថៃ បានបាញ់ថ្នាំដើម្បីការពារមិនមូសខាំផងដែរ»។
ត្រង់ចំណុចខាងលើនេះ បញ្ជាក់ឲ្យឃើញថា ទោះបីសញ្ជាតិខុសគ្នាមែនតែយើងចេះស្រឡាញ់គ្នាជាញាតមិត្តជិតខាងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ មន្រ្តីរាជការ និងមន្រ្តីរាជការ ហើយត្រូវចេះសាមគ្គីដើម្បីថែរក្សាបរិស្ថានដើម្បីសុខភាពស្អាតទាំងអស់គ្នាជាចម្បង៕