(ប៉ៃលិន)៖ នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដល់មន្រ្តីពាក់ព័ន្ធនៅក្នុងខេត្តប៉ៃលិន។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោក ម៉ី មគ្គ អភិបាលរងខេត្តប៉ៃលិន ហើយក៏មានការចូលរួមពីមន្រ្តីមកពីតាមមន្ទីរ ស្ថាប័ននៅក្នុងខេត្តផងដែរ។
លោក ជិន ម៉ាលីន បានថ្លែងថា សិក្ខាសាលាត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវលិខិតតូបករណ៍អន្តរជាតិ និងជាតិ ពាក់ព័ន្ធវិស័យពិការភាព លើកកម្ពស់ការយល់ដឹង និងការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការ ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ក្រោមជាតិ ជនពិការ និងសហគមន៍ និងផ្តល់ឱកាសឲ្យមានការស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពរើសអើងលើជនពិការនៅក្នុងសហគមន៍។ល៕