(បាត់ដំបង)៖ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋចំនួន៤ភូមិក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដឹកនាំដោយលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងសហការី ដោយមានការចូលរួមពីអាជ្ញាធរឃុំ មេភូមិ និងប្រជាពលរដ្ឋ នារសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ នៅការដ្ឋានធ្វើផ្លូវថ្នល់ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកខ្ពបស្រុកឯកភ្នំនេះផងដែរ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឲ្យដឹងថា ក្នុងនាមមន្ទីរជំនាញ និងដោយមានការចង្អុលបង្ហាញពីលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានចុះពិនិត្យនិងដឹកនាំគ្រឿងចក្រធ្វើការឈូសឆាយជួសជុលផ្លូវលំ ២ខ្សែដែលខូចខាតដោយសារទឹកជំនន់កាលពីចុងឆ្នាំកន្លងទៅថ្មីៗនេះ។

លោក ឡុង ផលគុណ បានបញ្ជាក់ថា ផ្លូវ២ខ្សែ ប្រវែង២,១០០ម៉ែត្រមានទទឹង៦ម៉ែត្រដែលត្រូវជួសជុលនេះ គឺជាផ្លូវសម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល ចំនួន៤ ភូមិរួមមាន ភូមិខ្វិត,ភូមិព្រែកស្នោរ,ភូមិស្នាពីមុខ,និងភូមិព្រែកខ្ពប ក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋទាំងអស់បានត្រេកអរជាខ្លាំងនិងបានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី ដែលលោកតែងតែបានជួយដោះស្រាយបញ្ហាផ្សេងៗ ដូចជាជួយជីកស្តារប្រឡាយបង្ហូរទឹក, កសាង ជួសជុលផ្លូវថ្នល់តូច ធំ នៅតាមមូលដ្ឋាន គ្រប់ទីកន្លែង ពិសេសលោកប្រធានមន្ទីរជំនាញ បញ្ជាកម្លាំងដឹកនាំគ្រឿងចក្រចុះជួយធ្វើជាប្រចាំកន្លងមក៕