(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានថ្លែងថា ថ្នាក់ដឹកនាំជានារីទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងសង្គម ត្រូវតែបន្ដបង្កើនសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្នឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មិនអាចខ្វះបាន។
លោកស្រី ម៉ែន សំអន បានថ្លែងបញ្ជាក់ដូច្នេះ ក្នុងពេលដែលលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយអំពីទស្សនៈយេនឌរ័ និង អនុសញ្ញាស្ដីពីការលប់បំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនារីភេទ (ស៊ីដ-CEDAW) និងអនុសាសន៍ ១២ចំណុចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅទីស្ដីការក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ។ ជាមួយនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគាំទ្រ និងលើកកម្ពស់តួនាទីស្ត្រី ឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូលរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូង ពេជ្រ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន»។
លោកស្រីបន្ដថា កន្លងមកក៏ដូចបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិតិ្ដយស សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ តែងតែផ្តល់ជំនួយស្មារតី និងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា ឲ្យមានតម្លៃ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។
លោកស្រី ម៉ែន សំអន បន្ដថា បច្ចុប្បន្ន មានស្ដ្រី បម្រើការងារលើគ្រប់វិស័យនៅទូទាំងប្រទេសមានរាប់ម៉ឺននាក់ ហើយបានដើរតួនាទី ដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយអប់រំដល់នារីនៅមូលដ្ឋានឲ្យមានការយល់ដឹងពីច្បាប់ឲ្យយល់ដឹងអំពីការថែទំាសុខភាព ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គមជាតិទំាងមូល។
លោកស្រីបានទទួលស្គាល់ថា នារីកម្ពុជា នៅទូទាំងប្រទេស កំពុងបង្កើនសមាជិករបស់ខ្លួន ក្នុងគោលបំណង ដើម្បីចូលរួមចំណែកធ្វើឲ្យនារីនៅមូលដ្ឋានបានយល់ដឹងអំពីសិទ្ធិ និងតួនាទីភារៈកិច្ច របស់ខ្លួននៅក្នុងសង្គម និងដើម្បីឈានទៅលប់បំបាត់ចោលទស្សនៈ ការមើលស្រាលខ្វះជំនឿ ជឿជាក់លើខ្លួនឯង ហើយខិតខំបង្កើនសមត្ថភាព និងយកអស់លទ្ធភាពចូលរួមចំណែកឲ្យបានទូលំទូលាយ ក្នុងការសម្រេចឲ្យបាននូវផែនការទំាងឡាយ ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដោយគោរព និង អនុវត្ដទៅតាមអនុសញ្ញា(ស៊ីដ-CEDAW)៕