(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ (១១-១៤ ខែកុម្ភៈ) ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង៤៩លើក បណ្ដាលឲ្យមនុស្សចំនួន២១នាក់ស្លាប់បាត់បង់ជីវិត ខណៈមនុស្ស៧៦នាក់ទៀតរងរបួសធ្ងន់-ស្រាល។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បញ្ជាក់ថា ចំនួនគ្រោះថ្នាក់ឆ្នាំនេះ មានការថយចុះ១០លើក, អ្នកស្លាប់ថយចុះ១៩នាក់ និងរបួសថយចុះ៤នាក់ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
របាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន១០លើក ក្នុងនោះ បានបណ្ដាលឲ្យមនុស្សចំនួន២នាក់ ស្លាប់បាត់បង់ជីវិត ចំណែក១២នាក់ទៀត បានរងរបួសធ្ងន់-ស្រាល។
នៅថ្ងៃទី១២ ខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន ១៤លើក ក្នុងនោះ បានបណ្ដាលឲ្យមនុស្សចំនួន៥នាក់ បានស្លាប់បាត់បង់ជីវិត ចំណែក១៨នាក់ទៀត បានរងរបួសធ្ងន់-ស្រាល។
នៅថ្ងៃទី១៣ ខែកុម្ភៈ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន៧លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សចំនួន៧នាក់ បានស្លាប់បាត់បង់ជីវិត ចំណែក២២នាក់ទៀត បានរងរបួសធ្ងន់ស្រាល។
នៅថ្ងៃទី១៤ ខែកុម្ភៈ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១៤លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សចំនួន៧នាក់ បានស្លាប់បាត់បង់ជីវិត ចំណែក២៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល។
មូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ប្រជែងគ្រោះថ្នាក់, បត់គ្រោះថ្នាក់, ស្រវឹង, កត្ដាយាន, ភ្លើងសញ្ញា, កត្ដាផ្លូវ, ងងុយ និងប្រើទូរស័ព្ទដៃ៕