(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បានថ្លែងថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ព្រះសង្ឃ និងប្រជាពលរដ្ឋ គឺជាការរួមចំណែកក្នុងកិច្ចការមនុស្សធម៌ ក្នុងសង្គម ដោយបានប្រែក្លាយពីទិវានៃក្ដីស្រលាញ់ ទៅជាការបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស។
ការថ្លែងបែបនេះ ក្នុងពិធីអបអរសាទរទិវានៃសេចក្តីស្រលាញ់ ១៤ កុម្ភៈបរិច្ចាគឈាម នៅក្នុងអគារសម្ដេចម៉ែ នៃមន្ទីរពេទ្យខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ប្រគេនចំពោះព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង ព្រះគ្រូ ងួន សារិទ្ធ ព្រះសមុហ៍គណខេត្ត ព្រមទាំងព្រះតេជគុណគ្រប់ព្រះអង្គ លោក លោកស្រីវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូ និស្សិត និងសប្បុរសជន នានា ដែលបានចូលរួមបរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង ក្នុងឱកាសបុណ្យនៃក្ដីស្រលាញ់ ១៤ កុម្ភៈ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អ្នកស្ម័គ្រចិត្តដែលបានទៅបរិច្ចាគឈាម ក្នុងថ្ងៃនៃក្ដីស្រលាញ់ នាថ្ងៃនេះ គឺជាលទ្ធផលល្អ និងជោគជ័យ តាមផែនការ ដែលបានគ្រោងទុក ដើម្បីយកឈាមទាំងអស់នោះ ទៅជួយសង្គ្រោះអ្នកដែលត្រូវការឈាមចាំបាច់។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជាការពិតណាស់ឈាម គឺជាអំណោយមួយដ៏ល្អបំផុត ដែលអាចសង្គ្រោះអ្នកជំងឺ ដែលត្រូវការឈាមដូច្នេះហើយ ទើបមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង តែងតែប្រារព្ធទិវា ផ្ដល់ឈាមជារៀងរាល់ឆ្នាំ ជាពិសេសនៅថ្ងៃទី១៤កុម្ភៈ ដែលចំនឹងថ្ងៃទិវានៃក្ដីស្រលាញ់ ដែលពលរដ្ឋយើងទាំងអស់គ្នា អាចផ្ដល់សេចក្ដីស្រលាញ់ តាមរយៈការផ្ដល់ឈាមនេះតែម្ដង៕